លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើដល់កីឡាករទូក២ ដែលមកខេត្តស្វាយរៀងត្រូវតែយកជ័យជំនះ និងមិនត្រូវនាំអេដស៍ចូលផ្ទះទេ ០៨/១១/២០១៩09/11/2019 792 បុណ្យជាតិ, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវ បានជួបសំណេះសំណាលជាមួយកីឡាករទូក មកពីខេត្តស្វាយរៀងចំនួន២ គឺទូក៖ ឌីសែនជ័យបារមីបូព៌ា និង ទូកសាឯមសែនជ័យបារមីស្វាយជ្រុំ នារសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៣៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវត្តប្រជុំសាគរស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ លោកជំទាវក៏បានផ្តាំផ្ញើឲ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឲ្យបានត្រឹមត្រូវ ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម ត្រូវសម្រាន្តក្នុងមុង សម្រាន្តឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឲ្យបាក់កម្លាំង ត្រូវរក្សាកម្លាំងដើម្បីចូលរួមការប្រកួត និងដណ្តើមយកជ័យជំនះនាពេលខាងមុខ ជាពិសេស មិនត្រូវនាំអេសដ៍ចូលផ្ទះទេ។ ជាទីបញ្ចប់លោកជំទាវក៏បាននាំយកនូវ ៖ ទឹកសុទ្ធ អង្គរ ឆៃពៅ មី ត្រីខកំប៉ុង អន្សម អំបុក ទឹកក្រូច និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់ទូកទាំងពីរផងដែរ។