ប្រតិភូសាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រសកម្មភាពសាសនាមួយនេះ បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍សហគមន៍

ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួបប្រតិភូ សាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទនៃបរិស័ទ្ធថ្ងៃចុងក្រោយពិភពលោក ដឹកនាំដោយ លោក រ៉ុសឹល នែលសឹន (Russell M. Nelson) នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

នៅក្នុងជំនួបពិភាក្សានេះ លោក រ៉ុសឹល នែលសឹន បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និង​អនុញ្ញាតឲ្យសាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទនៃបរិស័ទ្ធថ្ងៃចុងក្រោយពិភពលោក បានមានសកម្មភាពនៅកម្ពុជា ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍នៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា លើផ្នែកមនុស្សធម៌ វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលធនធានមនុស្ស និងសាសនា។

ប្រតិភូក៏បានជំរាបជូនលោកជំទាវឧបនាយករដ្ឋមន្ត្រីពីសកម្មភាពមួយចំនួនដែលក្រុមសាសនាចក្រ ព្រះយេស៊ូគ្រីស្ទ បានមក​បោះ​ទីតាំង​នៅ​កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្នុងនោះបានផ្តោតលើការកសាងមន្ទីរពេទ្យ សម្ភព និងការរួមចំណែក​បណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ ដល់ក្រុមគ្រូពេទ្យ។ ដោយឡែកនៅពេលខាងមុខ ក៏នឹងមានការកសាងព្រះវិហារមួយយ៉ាងធំនៅកម្ពុជា ដែលមានឈ្មោះថា ព្រះវិហារបរិសុទ្ធ ដែលជាទីគោរពសក្ការៈរបស់គ្រីស្ទបរិស័ទទូទៅ។

ជាការឆ្លើយតបក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកជំទាវ ម៉ែន សំអន បាននាំមកនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី សម្តេច ផ្ញើជូនប្រតិភូប្រកបដោយសេចក្ដីនឹករលឹក និងបានជំរាបជូនពីសកម្មភាពដ៏មមារញឹករបស់សម្តេច ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិច ដែលមានប្រមុខរដ្ឋនៃបណ្តាប្រទេសជាច្រើន រួមនឹងភ្ញៀវអន្តរជាតិប្រមាណពីរពាន់នាក់ បាន​មក​ជួបជុំគ្នានៅកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានរំលឹកនូវប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងជាគន្លឹះមួយចំនួន នៅក្នុងកិច្ចប្រជុំ​នា​ពេល​នេះ ក្រោមប្រធានបទ < ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់​គ្នា​ទៅវិញ​ទៅមក វិបុលភាពទៅវិញទៅមក និងគុណតំលៃសកល > ។

លោកជំទាវ បន្តថា បច្ចុប្បន្នកម្ពុជាកំពុងមានសន្តិភាព ដែលជាឱកាសសំរាប់ការអភិវឌ្ឍប្រទេស ពិសេស​បានផ្តល់ឱកាស​ដល់​គ្រប់​សាសនា​បានមកបំពេញតាមជំនឿរបស់ប្រជាជនរៀងៗខ្លួន ដោយមិនប្រកាន់និន្នាការ ជាតិសាសន៍ ហើយកំពុងដំណើរការប្រកបដោយសុខដុមរម្មនា ។

ចុងបញ្ចប់លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោក រ៉ុសឹល នែលសឹន (Russell M. Nelson) និងសហការី ដែលបានអញ្ជើញមកជួបសំណេះសំណាលនាឱកាសនេះ និង​សុំបន្ត​កិច្ចការ​នៅ​កម្ពុជា​ឲ្យ​កាន់តែរីកចំរើនឡើងថែមទៀត ៕