លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចែករំលែកក្តីអាណិតអាសូ និងក្តីស្រឡាញ់ដល់គ្រួសារទីទាល់ក្រ ២៥/១១/២០១៩25/11/2019 674 ការងារសង្គម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួយដោយចៃដន្យនូវគ្រួសារទីទាល់ក្រមួយគ្រួសារ ដែលទើបតែនឹងសម្រាលកូនរួច នៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នាឱកាសនោះផងដែរ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ម្តាយរបស់ទារក ត្រូវបំបៅកូននឹងទឹកដោះម្តាយឲ្យបានទៀងទាត់ ចំណែកឯម្តាយវិញក៏ត្រូវថែទាំសុខភាពឲ្យបានល្អ និងហូបចំណីអាហារឲ្យបានត្រឹមត្រូវ មានជីវជាតិគ្រប់គ្រាន់ ជាពិសេស ចំណីអាហារណាដែលជួយបង្កើនទឹកដោះម្តាយ សំរាប់ជាជំនួយក្នុងការបំបៅ បានជាប្រយោជន៍សម្រាប់ជួយដល់សរីរាង្គ និងការលូតលាស់របស់កូនផងដែរ។ លោកជំទាវក៏បានជូនពរឲ្យចៅដែលទើបនឹងកើតនេះមានសុខភាល្អ នាំលាភ នាំសំណាង និងមានភាពចម្រុងចម្រើនដល់ក្រុមគ្រួសារដ៏តូចមួយនេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏បានឧបត្ថម្ភជាថវិកាមួយចំនួនដល់គ្រួសារទីទាល់ក្រ និងឧបត្ថម្ភដល់អ្នកបើកមូតូកង់បី ដោយបានបង្ហាញអំពីទឹកចិត្តសប្បុរសក្នុងការចែករំលែកនូវក្តីអាណិតអាសូ និងក្តីស្រឡាញ់ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នា៕