លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួបទី២៥ នៃការ​បង្កើត​សមាគមនិកាយចិនទៀជីវនៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបទី២៥ នៃការបង្កើតសមាគមនិកាយចិនទៀជីវនៅកម្ពុជា នារាត្រីថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ពិធីរំលឹកខួបទី២៥ នេះ មានគោលបំណងពង្រឹងសាមគ្គីភាពរវាងបងប្អូនចិនទៀជីវ ជាមួយ​នឹង​បងប្អូន​ខ្សែស្រឡាយចិនជាមួយនឹងបងប្អូនខ្មែរ បង្កើននូវចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ចិន ឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត និងបានចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍន៍ និងទិសដៅរបស់សមាគមផងដែរ។

លោកជំទាវបានកោតសរសើរចំពោះសមាគម ក្រោមការដឹកនាំរបស់ ឯកឧត្តម ឡាវ ម៉េងឃីន តាមរយៈការចូលរួមយ៉ាងសកម្មក្នុង​ការ​ជម្រុញ​សកម្មភាពវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងធុរកិច្ច និងជួយឧបត្ថម្ភក្នុងវិស័យសង្គមកិច្ច មនុស្សធម៌។ ក្នុងនោះ​សមាគមនិកាយ​ចិន​ទៀជីវ ក៏បានចូលរួមយ៉ាងសំខាន់លើការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ឯកឧត្តម ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព ក៏បានបរិច្ចាកនូវដីមួយកន្លែងទំហំ ១៣.០០០ម នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមទាំងថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ចូលរួមក្នុងការសាងសង់សាកលវិទ្យាល័យទួនហ្វា ដែល​បានបើកការដ្ឋាន​សាងសង់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ និងចូលរួមថវិកាក្នុងការសាងសង់អគារទីស្នាក់ការសមាគមផងដែរ។