រាជរដ្ឋាភិបាលផ្តល់តម្លៃឱ្យស្រ្តីគ្រប់រូបមានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នាដូចនឹងបុរសអំពីឋានៈតួរនាទីក្នុងវិស័យសង្គម ២៦/១១/២០១៩29/11/2019 904 ទីស្ដីការក្រសួង, លោកជំទាវ វង់ មយូរា ភ្នំពេញ៖ តំណាងដ៍ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន លោកស្រី វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដោយការបញ្រ្ជាបយេនឌ័រ ទៅក្នុងក្របខណ្ឌគោលនយោបាយ និងផែនការអភិវឌ្ឍជាតិ ដើម្បីលើកកម្ពស់យេនឌ័រ គឺជាកត្តាជំរុញឱ្យស្រ្តីគ្រប់រូបមានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នាពិសេសឋានៈតួរនាទីក្នុងសង្គមជាតិ។ តំណាង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងឱកាសបើកកម្មវិធីផ្សព្វផ្សាយស្តីពី « ការស្វែងយល់ទស្សនទានយេនឌ័រ » ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នៅទីស្តីការក្រសួង។ លោកស្រី វង់ មយូរា បានថ្លែងថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តែងតែផ្តល់ការគាំទ្រដល់សកម្មភាពការងាររបស់ក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទាំងកម្លាំងកាយចិត្ត ទាំងថវិកា ដល់មន្ត្រីរាជការទាំងអស់ក្រោមឱវាទ។ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា គោលបំណងនៃកម្មវិធីផ្សព្វផ្សាយនេះ គឺដើម្បីផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទាំងអស់នូវការយល់ដឹងស្តីពី គោលគំនិត និងទស្សនទានយេនឌ័រ ភាពជាអ្នកដឹកនាំ និងភាពជាដៃគូក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងសារៈសំខាន់នៅក្នុងកិច្ចអភិវឌ្ឍក្រសួង និងប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ បញ្ហាយេនឌ័រត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដោយការបញ្រ្ជាបយេនឌ័រ ទៅក្នុងក្របខណ្ឌគោលនយោបាយ និងផែនការអភិវឌ្ឍជាតិ។ ការលើកកម្ពស់យេនឌ័រ គឺជាកត្តាជំរុញឱ្យស្រ្តីគ្រប់រូបមានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នាដូចនឹងបុរស ដើម្បីទទួលបានឱកាស និងអត្ថប្រយោជន៍ផ្សេងៗព្រមទាំងធ្វើឱ្យប្រសើរឡើងនូវឋានៈរបស់ស្ត្រីក្នុងវិស័យសង្គម សេដ្ឋកិច្ច នយោបាយ ក្នុងការជួយជម្រុញឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តភាព។ ដើម្បីរួមចំណែកក្នុងការលើកស្ទួយស្ថានភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ក្រសួងទំនាក់ទនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ របស់រាជរដ្ឋាភិបាល តាមរយៈការរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឆ្នាំ២០២០-២០២៣ ផែនការសកម្មភាពការងារឆ្នាំ២០២០។ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តែងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍធនធានមនុស្ស ដូចជាការផ្តល់ឱកាសដល់មន្រ្តីរាជការជាស្រ្តី តាមរយៈការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ការដំឡើងឋានៈ និងតួនាទី ការកសាងសមត្ថភាព ការប្រគល់គ្រឿងឥស្សរយស និងការចូលរួមក្នុងកិច្ចការផ្សេងៗរបស់ក្រសួង។ កន្លងមកមន្រ្តីរាជការជាស្រ្តីបានខិតខំរួមចំណែកបំពេញភារកិច្ចជាច្រើនដូចជា ការតាក់តែងសេចក្តីព្រាងច្បាប់ ការផ្សព្វផ្សាយច្បាប់ ការចុះស្ទង់មតិប្រជាពលរដ្ឋ ការធ្វើវេទិកាសាធារណៈ ការចុះធ្វើអធិការកិច្ច ការរៀបចំផែនការ ការប្រជុំចូលរួមសិក្ខាសាលា ការរៀបចំវគ្គបណ្តុះបណ្តាល និងការចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម (ក្នុងនិងក្រៅប្រទេស) ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការជួបជុំគ្នានៅក្នុងកម្មវិធីផ្សព្វផ្សាយនាពេលនេះនឹងជួយបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីគោលគំនិត ទស្សនរបស់យេនឌ័រ និងសារៈប្រយោជន៍យេនឌ័រ។ ជាពិសេសចំណេះដឹងថ្មីៗបន្ថែមទៀតដែលពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ។ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងនូវការជឿជាក់និងសង្ឃឹមថាថ្នាក់ដឹកនាំប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានទាំងបី អគ្គនាយក ប្រធាននាយកដ្ឋាន និង នាយកវិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គ្រប់លំដាប់ថ្នាក់នឹងចូលរួមពិភាក្សាឲ្យបានផុសផុលសំដៅធ្វើយ៉ាងណាឲ្យកម្មវិធី ផ្សព្វផ្សាយនេះដំណើរការដោយជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងក្រសួងក៏ដូចជាដល់សង្គមជាតិរបស់យើងទាំងមូលផងដែរ៕