លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សហគ្រិនចិនទាជីវ​លំដាប់​សេដ្ឋី​របស់ប្រទេសចិន ជាង ៣០០ នៃ​សហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងធ្វើសន្និសីទសេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ ២០១៩ និងធ្វើកិច្ចប្រជុំកំពូល​វិនិយោគនៅកម្ពុជា (TCEC)

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អធិការកិច្ច បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីជប់លៀងស្វាគមន៍ការអញ្ជើញមកដល់នៃគណៈប្រតិភូសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៩ នៃ​សហព័ន្ធ​ពាណិជ្ជករ​ចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា (TCEC) ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាត​កោះពេជ្រ រាជធានីភ្នំពេញ រាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពរស់នៅកាន់តែប្រសើរ។

លោកជំទាវបានបន្តទៀតថា ៖ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគដ៏ធំជាងគេរបស់កម្ពុជា។ តាមរយៈ សហគ្រិន​ចិនទាជីវលំដាប់សេដ្ឋីប្រទេសចិនជាង ៣០០នាក់ របស់គណៈប្រតិភូនៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក ដែល​បាន​ប្រារព្ធពិធីនាថ្ងៃនេះ បានបង្ហាញអំពីកិច្ចសហការវាងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ជាមួយនឹងសហព័ន្ធចិនទាជីវសកលោក ដែល​បាន​រួមគ្នាបង្កើតជាវេទិការសម្រាប់ពាណិជ្ជករចិនទាជីវ និងពាណិជ្ជករក្នុងតំបន់ធ្វើការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក និង​ឈានទៅដល់កិច្ចសហការលើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ក៏ដូចជាការបង្កើននូវឱកាសការងារនៅកម្ពុជា។ ម៉្យាងទៀត ក៏​បាន​បង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ពោលគឺ គោលនយោបាយចិនតែមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និង កិច្ចសហប្រតិបត្តិការ​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក៏ត្រូវបានឆ្លើយតបជាវិជ្ជមានពីមិត្តចិន តាមរយៈ ផ្តល់ការគាំទ្រ​ទាំងផ្នែក​ហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមនិងការផ្តល់ជំនួយឥតសំណង កម្ចី​ឥត​ការ​ប្រាក់ និងកម្ចីឥណទានសម្រាប់ការអភិវឌ្ឍជាច្រើន៕