លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អបអរសាទរខួប ១ឆ្នាំ ល្ខោនខោល ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ និង​អញ្ជើញ​បួងសួងនៅប្រាសាទអង្គរវត្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញ​បួងសួងនៅ ព្រះអង្គរយ ព្រះអង្គពាន់ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប នា​រសៀលថ្ងៃព្រហស្បត្តិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ពិធីបួងសួងនេះផងដែរ គឺស្របពេលដែលល្ខោនខោលខ្មែរ ត្រូវបានប្រារព្ធពិធីរំលឹកខួបគម្រប់ ១ឆ្នាំ (២៨.១១.២០១៨ – ២៨.១១.២០១៩) នៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ នៅទីក្រុង ព័រល្វី (Portlouis) នៃសាធារណៈរដ្ឋម៉ូរីស (Maurice) ។

ឆ្លៀតក្នុងពិធីនោះផងដែរ លោកជំទាវក៏បានជួបសំណេះសំណាលជាមួយ ឆ្មាំប្រាសាទ អ្នកមគ្គុទ្ទេសទេសចរណ៍ បុគ្គលិក​បេតិកភណ្ឌ​ពិភពលោក​ប្រចាំនៅតំបន់អង្គរ បុគ្គលិករបស់អាជ្ញាធរអប្សារាប្រចាំនៅតំបន់អង្គរ បងប្អូនប្រជាពលរដ្ឋ កុមារា កុមារី កងកម្លាំង​ប្រដាប់​អាវុធ​ផ្នែក​ការពារសន្តិសុខសណ្តាប់ធ្នាប់ប្រចាំការនៅតំបន់នោះ។ ដោយក្តីអាណិតអាសូរ លោកជំទាវ​ក៏បានចែករំលែក​នូវ​ថវិកាផ្ទាល់ខ្លួន ឧបត្ថម​ជូន​ដល់ស្ត្រីមេម៉ាយ ដែលទើបនឹងសម្រាកកូនរួច និងចែកទានដល់ទុរគតជន និងកុមារា កុមារី ប្រមាណជាង ១០០នាក់ ដោយម្នាក់ៗ​ទទួល​បាន សារ៉ុងមួយ និងថវិកាមួយចំនួន។ លោកជំទាវក៏បានផ្តាំផ្ញើឲ្យក្រុមការងារពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសម្អាតអនាម័យ និងថែរក្សាបរិស្ថានឲ្យបានល្អ ជាពិសេស គឺថែទាំប្រាង្គប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសរបស់យើងឲ្យនៅគង់វង្សបានល្អ ដើម្បី​លើក​ស្ទួយ​​ដល់វិស័យទេសចរណ៍ ធ្វើឲ្យប្រាសាទកាន់តែមានសោភណ្ឌភាព និងមានភាពទាក់ទាញដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ​ឲ្យមក​ទស្សនា​ខេត្ត​សៀមរាប និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវក៏បានបួងសួង ថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំនិងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ​និង​សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជារៀងរហូត៕