លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សម្ពោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវអណ្តូងទឹកស្អាត និង​ឡ​ជីវ​ឧស្ម័ន ដែលជា​អំណោយ​របស់​អង្គការ​កូដូខ្មែរនៅប្រទេសបារាំង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន ដែលជាអំណោយរបស់អង្គការកូដូខ្មែរនៅប្រទេសបារាំង បានផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅឃុំអង្គតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ៖ មនុស្ស ផ្លូវ ទឹក ភ្លើង ជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍដល់មូលដ្ឋាន។ ជាក់ស្តែងនៅស្រុកស្វាយជ្រុំថ្ងៃនេះបានទទួលនូវអណ្តូងទឹកស្អាតចំនួន ៣១អណ្តូង និង ឡជីវឧស្ម័ន ចំនួន ១៥ឡ បន្ថែមទៀត តាមរយៈ អង្គការកូដូខ្មែរនៅប្រទេសបារាំង ដែលដឹកនាំដោយ លោក អាំង ពិទូរ្យ ប្រធានអង្គការ គឺជាសក្ខីភាពមួយដែលបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាព និងស្មារតីចែករំលែករបស់សប្បុរសជន ដែលមានដើមកំណើតជាខ្មែរ ទោះនៅប្រទេសបារាំង ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា ក៏បងប្អូនយើងចង់ចូលរួមជាមួយរាជរដ្ឋាភិបាល សំដៅជួយក្នុងវិស័យសង្គម និងមនុស្សធម៌ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងជម្រុញការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងសមភាព។

លោកជំទាវក៏បាន កោតសសើរ និងលើកទឹកចិត្តដល់បណ្តាកសិករដទៃទៀត គួរយកគម្រូតាម លោក ជា សម្ផស្ស ជាកសិករគម្រូ គឺលោកបានទទួលអត្ថប្រយោជនពីអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន ពិតជាបានជួយសម្រួលដល់ការប្រកបរបកសិកម្មរបស់គាត់ដោយសារតែការធ្វើកសិកម្មខ្នាតតូចមែន ប៉ុន្តែមានលក្ខណៈវិលជុំ ដែលប្រៀបបានជាសង្វាក់ផលិតកម្ម គឺបានប្រើប្រាស់អស់សក្តានុពលនូវកាកសំណល់ពីលាមកសត្វ ដោយបានបង្កើតទៅជា ហ្គាស និងជីសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។

លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ឡជីវឧស្ម័នវិញ ព្រោះវាបានជួយសន្សំសំចៃអុសធ្យូងបានប្រមាណ ២តោន ក្នុងមួយឡ យ៉ាងច្រើន ហើយឡជីវឧស្ម័ននេះក៏បានរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិកពីផលិតកម្មសត្វប្រមាណ ៤.៥តោន ក្នុងមួយឡ ក្នុងមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ

ទី១. អាចជួយដល់ការកាត់បន្ថយចំណាយលើការបំភ្លឺ និងមិនទិញជីគីមីប្រើប្រាស់លើដំណាំដោយបង្កើនជីធម្មជាតិស្រស់ ទឹក និងគោក សម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម ដែលជួយប្រែគុណភាពដីកសិកម្ម ។

ទី២. ជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីឧស្ម័នមេតាន និងកាត់បន្ថយឧស្ម័នកាបូនិក។

ទី៣. ជួយកាត់បន្ថយក្លិនស្អុយពីការចិញ្ចឹមសត្វ ដោយការតភ្ជាប់បង្គន់អនាម័យនឹងឡជីវឧស្ម័ន។

ទី៤. អ្នកប្រើប្រាស់មានពេលវេលាចូលរួមក្នុងសង្គម មានពេលវេលាធ្វើការផ្សេងទៀតបាន មានភ្លើងបំភ្លឺផ្ទះពេលយប់ ជួយដល់ការរៀនសូត្ររបស់កូនចៅ កាត់បន្ថយបន្ទុក ការងាររបស់ស្រ្តី និងកុមារ ដោយមិនចាំបាច់ចូលព្រៃរកអុសធ្យូង និងម្យ៉ាងទៀត បង្កើតបានការងារដល់អ្នកគ្មានការងារធ្វើក្នុងស្រុក តាមរយៈការបង្កើតឲ្យមាន ភ្នាក់ងារសាងសង់ឡជីវឧស្ម័ន ដែលកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។