លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេន និងផ្តល់នូវអនុសាសន៍ ៧ចំណុច ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ ០៥/១២/២០១៩ 643 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគេន និងផ្តល់នូវអនុសាសន៍ ៧ចំណុច ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឲ្យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពីធីប្រគេន-ប្រគល់សញ្ញាបត្រជ័យលាភី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់គរុកោសល្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានដូចខាងក្រោម៖ ក. សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ១. បន្តបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌រស់នៅល្អ ការទទួលខុសត្រូវ និងមនសិការស្នេហាជាតិ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេស។ ២. បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន តាមរយៈ ការបង្កើនកម្រិតគុណវុឌ្ឍិ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីឱ្យការផ្ទេរចំណេះដឹងដល់ព្រះសង្ឃ យុវជនជំនាន់ក្រោយ ប្រកបដោយគុណភាព។ ៣.បន្តអភិវឌ្ឍកម្មវិធីសិក្សាឱ្យមានលក្ខណៈទំនើប និងធ្វើអន្តរជាតិនីយកម្មលើកម្មវិធីអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងមុខរបរ ស្របតាមបរិបទថ្មីនៃកម្ពុជា ដែលកំពុងស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន និងពិភពលោក។ ៤. បន្តពង្រឹង និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ សម្ភារៈសិក្សាគ្រប់ប្រភេទ សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលប្រកបដោយគុណភាព ។ ៥. បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីរក្សា កិត្យានុភាព ឧត្ដមភាព និងនិរន្តរភាព របស់ពុទ្ធិកសាកលវិទ្យាល័យ ទាំងពេលបច្ចុប្បន្ន និងអនាគត។ ខ. ចំពោះព្រះតេជគុណ សមណនិស្សិត និស្សិត គរុសមណនិស្សិត គរុនិស្សិត គរុសមណសិស្ស និងគរុសិស្ស ទាំងអស់ ១. ត្រូវបន្តខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គម ដែលជាសសរ ស្តម្ភយ៉ាងសំខាន់ សម្រាប់អនាគតរបស់ព្រះតេជគុណទាំងអស់គ្នា។ ២. ចំណេះដឹងដែលទទួលបានក្នុងពេលសិក្សាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺចាំបាច់ត្រូវគួបផ្សំជាមួយបទពិសោធន៍ ដែលទទួលបានពីការអនុវត្តការងារជាក់ស្តែង រួមនឹងគំនិតច្នៃប្រឌិតបន្ថែម ស្របតាមស្ថានភាពនិងកាលៈទេសៈ ជាក់ស្តែងនៃការងារថែមទៀត ទើបមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិត ដូចពំនោលមួយដែលបានពោលថា « ដើម្បីក្លាយខ្លួនជាមនុស្សម្នាក់ពេញលក្ខណៈ មិនមែនត្រូវការពេលវេលា៩ខែ ១០ថ្ងៃ ក្នុងផ្ទៃ ម្តាយនោះទេ គឺត្រូវការរយៈពេលយ៉ាងតិច៣០ឆ្នាំ » ក្នុងន័យនេះ គឺតម្រូវឱ្យមនុស្សម្នាក់ៗត្រូវឆ្លងកាត់ការអប់រំ បណ្តុះបណ្តាលផង និងឆ្លងកាត់បទពិសោធន៍ការងារជាក់ស្ដែងផង ដើម្បីក្លាយខ្លួនជាមនុស្សម្នាក់ដែលប្រកបទៅដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានប្រយោជន៍ដល់សង្គមជាតិ។