លោកជំទាវ ម៉ែន សំអន ប្រាប់អគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាថា យុវជន និងស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គម ដែលមិនអាចខ្វះបាន ០៩/១២/២០១៩ 578 ទីស្ដីការក្រសួង, សហភាពអឺរ៉ុប ក្នុងខណៈជួបពិភាក្សាការងារជាមួយលោកជំទាវ ការមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបំភ្លឺថា ទាំងអតីតកាល និងបច្ចុប្បន្នកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក យុវជន និងស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គម ដែលមិនអាចខ្វះបាន ព្រោះពីមួយអាណត្តិទៅមួយអាណត្តិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ឱកាសដល់ស្តី្រ និងយុវជន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈនៃការផ្តល់តួនាទី ចាប់តាំងពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ រហូតដល់ថ្នាក់ក្រោមជាតិ។ លោកជំទាវ ការមែន ម៉ូរ៉េណូ (Carmen Moreno) បានចាប់អារម្មណ៍បន្ថែមថា យុវជន និងស្ត្រីវ័យក្មេង ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង បើទោះជាស្ត្រី និងយុវជនខ្លះមិនហ៊ានចូលប្រឡូកក្នុងនយោបាយក៏ដោយ តែយើងឃើញថា កម្ពុជា បានលើកកំពស់តួនាទី សិទ្ធិ ដល់ក្រុមទាំងអស់នេះ ដើម្បីមានលទ្ធភាពចូលរួមអភិវឌ្ឍន៍សង្គមយ៉ាងស្រាក់សស្រាំ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់សហភាពអឺរ៉ុប គឺមានសន្ទុះល្អប្រសើរ។ តែទោះជាយ៉ាងណា លោកជំទាវ ការមែន ម៉ូរ៉េណូ (Carmen Moreno) បានសុំឲ្យលោកជំទាវឧបនាយករដ្ឋមន្ត្រី ក្នុងនាមស្ត្រីដូចគ្នា ជួយជំរុញ និងបង្កើនការលើកទឹកចិត្តដល់ស្ត្រីវ័យក្មេង និងយុវជនឲ្យបានចូលរួមក្នុងវិស័យនយោបាយឲ្យកាន់ច្រើនឡើងថែមទៀត ។ ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដាក់ក្តីសង្ឃឹមថា បេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា និងជួយជម្រុញទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេរភាគីឲ្យកាន់តែមានផ្លែផ្កា ប្រកបដោយសារៈសំខាន់ខ្លាំងឡើងថែមទៀត។ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បន្តថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបមានប្រវត្តិយូរគួរសម អស់ជាង ២ទសវត្សមកហើយ។ ភាគីទាំងពីរមានទំនាក់ទំនងពាណិជ្ជកម្មជាច្រើនជាមួយគ្នា។ សហភាពអឺរ៉ុបបានជួយកម្ពុជាជាច្រើន ជាពិសេសលើការស្តារប្រទេសជាតិ និងការងារកំណែទម្រង់នានា។ សហភាពអឺរ៉ុបជាទីផ្សារដ៏ធំជាងគេរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់នាំចេញ។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់សហភាពអឺរ៉ុប ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាលដែលកម្ពុជាត្រូវការជំនួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស។ ជំនួយ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងសហភាពអឺរ៉ុបជាកត្តាជម្រុញល្បឿន នៃការស្តារនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានជោគជ័យ និងបានជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់។ លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមួយនេះ ដែលធ្លាប់តែបែកបាក់ដោយសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ ហើយលោកជំទាវបានទទួលស្គាល់ថា សន្តិភាពពិតជាមានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនអាចមានអ្វីៗដូចសព្វថ្ងៃ ហើយយុវជន និងស្ត្រីវ័យក្មេង ក៏មិនអាចមានឱកាសមកដល់ពេលនេះបានឡើយ។ ចុងបញ្ចប់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រាប់ឲ្យឯកអគ្គរដ្ឋទូតបន្តការស្វែងយល់ពីស្ថានភាពពិតនៅកម្ពុជា ដែលកំពុងរក្សាបានស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល ហើយកំពុងធានាបាននូវកំណើនសេដ្ឋកិច្ច ៧% ជារៀងរាល់ឆ្នាំ និងនាំមកនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ៕