មន្ទីរ​ ទ.រ.ព.អ ខេត្តកំពង់ធំ ចុះ​ផ្សព្វផ្សាយ​ច្បាប់ស្តីពី ចរាចរណ៍​ផ្លូវគោក នៅវិទ្យាល័យ វង្សមានរឹទ្ធិ

ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ វង្សមានរឹទ្ធិ ស្ថិតនៅភូមិអូរពកសាមគ្គី ឃុំ​មានរឹទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ៤៣០ នាក់ ស្រី ១៩៣នាក់ និង​មាន​កម្មវិធី​សួរសំនួរយកមួកសុវត្ថិភាព ព្រមទាំងមានចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍។