លោកជំទាវ ម៉ែន សំអន គាំទ្រសំណើរបស់ប្រតិភូខេត្តហ្វូជៀន ប្រទេសចិន លើកិច្ចសហប្រតិបត្តិការ វិនិយោគ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិកម្មនៅកម្ពុជា ១៣/១២/២០១៩23/04/2020 715 ចិន, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រតិភូខេត្តហ្វូជៀន នៃសារធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ឡេ ជុនម៉ី (Lei Chun Mei) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជន ខេត្តខេត្តហ្វូជៀន បានសុំឲ្យមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លើកិច្ចសហប្រតិបត្តិការវិនិយោគ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិកម្ម រវាងខេត្តហ្វូជៀន ជាមួយនឹងប្រទេសកម្ពុជា ។ សំណើនេះត្រូវបានលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន គាំទ្រ ហើយនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគរបស់ខេត្តហ្វូជៀនមកកាន់កម្ពុជា ព្រោះនេះជាប្រយោជន៍រួមរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ហើយក៏ជាការរួមគ្នាអនុវត្តឲ្យបានជោគជ័យតាមស្មារតីប្រសាសន៍រួមរវាងប្រមុខដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនពីង ដែលបានជួបគ្នាកន្លងមក លើនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រ ដែលកម្ពុជាបានយល់ឃើញថា នេះជាចរន្តនៃការពង្រីកសក្តានុភាពសេដ្ឋកិច្ច មិនត្រឹមតែកម្ពុជានោះទេ គឺទាំងក្នុងតំបន់ និងពិភពលោក ។ សូមបញ្ជាក់ថាៈ ការទទួលយកនូវសំណើនេះ បានធ្វើឡើងក្នុងខណៈដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតឲ្យប្រតិភូខេត្តហ្វូជៀន នៃសារធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។ លោកជំទាវ ឡេ ជុនម៉ី (Lei Chun Mei) បានសំដែងការចាប់អារម្មណ៍ពីការរីកចំរើននៅកម្ពុជា ពិសេសលើកំណើនសេដ្ឋកិច្ច ដែលធានាបាន៧.១ភាគរយនៅឆ្នាំ២០១៩នេះ និងមានស្ថិរភាពនយោបាយល្អ ដែលជាកត្តាធ្វើឲ្យអ្នកវិនិយោគទុនក្នុងខេត្តហ្វូជៀន មានការចាប់អារម្មណ៍ និងត្រៀមមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ។ ជាក់ស្តែងលោកជំទាវ ប្រធានប្រតិភូខេត្តហ្វូជៀន បានកត់សំគាល់ថាៈ មុននឹងប្រតិភូមកដល់កម្ពុជា សាលាខេត្តហ្វូជៀន បានបង្ហាញរបាយការណ៍ក្រៅផ្លូវការថា មានអ្នកវិនិយោគ ទាំងខ្នាតធំ និងមធ្យម ចំនួនជិត៤០ក្រុមហ៊ុនបានចុះបញ្ជីនៅសាលាខេត្តហ្វូជៀន ដើម្បីសុំមករកស៊ីនៅកម្ពុជា ក្នុងទំហ៊ំទុនវិនិយោគប្រមាណជិត៤០០លានដុល្លា ។ លោកជំទាវ ឡេ ជុនម៉ី បន្តថា ទោះជាយ៉ាងនេះក្តី តែអ្នកវិយោគទុនខេត្តហ្វូជៀន ក៏មានចំនួនពីរ ឬបីក្រុមហ៊ុន បានកំពុងរកស៊ីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគជាង៥០០លានដុល្លារ ក្នុងនោះរោងចក្រផលិតដំណាប់ស្វាយ ដ៏ធំមួយនៅខេត្តកំពង់ស្ពឺ កំពុងដំណើរផលិត ដោយប្រមូលផ្លែស្វាយពីកសិករកម្ពុជា ដើម្បីនាំធ្វើការនាំចេញទៅកាន់ប្រទេសចិន ។ លោកជំទាវ ម៉ែន សំអន និងលោកជំទាវ ឡេ ជុនម៉ី បានគាំទ្រ និងឯកភាពថា យើងមិនត្រឹមតែធ្វើការទំនាក់ទំនងក្នុងកំរិតថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំប៉ុណ្ណោះទេ គឺយើងត្រូវធ្វើគ្រប់វិស័យ គ្រប់កំរិត ពិសេសរវាងប្រជាជន និងប្រជាជន ដោយត្រូវផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យបានជាប់ជាប្រចាំលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ព្រមទាំងវិស័យផ្សេងៗទៀត ។ ទន្ទឹមនឹងនេះ លោកជំទាវ ឡេ ជនម៉ី បានគោរពអញ្ជើញលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅខេត្តហ្វូជៀន ដោយលោកជំទាវ ឡេ ជនម៉ី បញ្ជាក់ថានឹងអមដំណើរជូនប្រតិភូកម្ពុជាទស្សនកិច្ច តាមវិស័យសំខាន់ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ។ ជាការឆ្លើយតបលោកជំទាវ ម៉ែន សំអន បានយល់ព្រម តាមពេលវេលាសមស្របណាមួយ ៕