លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វត្តមានរបស់ក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង បានបង្ហាញ​ថា កម្ពុជាមាន​ការអភិវឌ្ឍន៍​ក្រោម​ដំបូល​សុខសន្តិភាព

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធ ក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩ ។

លោកជំទាវបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកិត្ដិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​ប្រែក្លាយពីសមរភូមិ ពីវាលពិឃាត មកជាទីផ្សារ មានការវិនិយោគ្រប់បែបយ៉ាង មានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ និង​ការ​អភិវឌ្ឍន៍​លើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក សម្រាប់ទីតាំងខេត្តស្វាយរៀងពីសមរភូមិ បានប្រែក្លាយទៅតំបន់ ព្រំដែន​សន្តិភាព ប្រែក្លាយពីដីកសិកម្មទៅជាដីឧស្សាហកម្ម ដោយបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ដែលបាន​បង្កើន​ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង និងបណ្តាខេត្តដែលនៅជុំវិញផងដែរ។

លោក លី វ៉ាងមីង អគ្គនាយកក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង បានលើកឡើងអំពីការសម្រចចិត្តមកវិនិយោគនៅកម្ពុជា ដោយសារ​តែ​បាន​ការជួយសម្របសម្រួលពីរាជរដ្ឋាភិបាលម្ពុជា។ ម៉្យាងទៀតដោយសាតែកម្ពុជាមានសុខសន្តិភាព កម្លាំងពលកម្ម​វ័យក្មេងច្រើន ប្រជាជនសុភាពរាបសា និងតម្លៃប្រាក់ឈ្នួលសមរម្យ។

លោកជំទាវបានបន្តទៀតថា វត្តមានរបស់ក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង លើទឹកដីខេត្តស្វាយរៀងនាពេលនេះ បានបង្ហាញ​អំពី​ការ​យក​ចិត្ត​ទុកដាក់ពីរាជរដ្ឋាភិបាលដែលតែជួយសម្រួលដល់អ្នកវិនិយោគិនគ្រប់បែបយ៉ាង ដែលមានបំណង​មកបណ្តាក់​ទុន​វិនិយោគ​នៅ​ទូទាំង​ប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង ស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុង​ការរក្សាចាស់ និងការបង្កើនអ្នកវិនិយោគថ្មីផងដែរ។

សូមបញ្ជាក់ថា ៖ តំបន់សេដ្ឋកិច្ចពិសេសសូយ៉ាង ដេខ័រេធីវឡៃធីង តាមគំរោងមានរោងចក្រចំនួន៣០ ដែលត្រូវសាងសង់ តែ​បច្ចុប្បន្ន​បាន​សំរេច​រួចរាល់ចំនួន១០ និងឃ្លាំងចំនួន៥ ដែលត្រូវសម្ភោធនាថ្ងៃនេះ។ រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជារោងចក្រផលិត​អំពូល​ភ្លើង​ណូអែល និងផលិតសម្ភារៈដែលទាក់ទងនឹងការប្រើប្រាស់អំពូលនេះ ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក និង​ប្រទេសមួយ​ចំនួន​នៅ​តំបន់អឺរ៉ុបផងដែរ៕