លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មិនត្រូវឲ្យអ្នក​ដទៃស្លាប់​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ដោយសារ​តែ​យើង​ជាអ្នកបង្ករនោះទេ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ប្រគល់​មួកសុវត្តិភាពចំនួន ៥០០មួក ដែលទទួលបានការឧបត្ថម្ភពីលោក លឹម ហេង ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង សម្រាប់ធ្វើការងារមនុស្សធម៌បន្តទៀត នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ សាខាកាកបាទក្រហមកម្ពុជាស្វាយរៀងត្រូវធ្វើការផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ ជូនដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ ពាក់ព័ន្ធនឹងការប្រើប្រាស់មួកសុវត្ថិភាព។

ជាការពិតណាស់រាជរដ្ឋាភិបាលពិតជាបានគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹងអំពី​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងចំណោមប្រជាពលរដ្ឋ សិស្សានុសិស្ស សំដៅ​កាត់បន្ថយ បង្ការការស្លាប់ និង​ការរង​របួស​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះ​អធ្យាស្រ័យ​គ្នាក្នុងពេលបើកបរ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំអស់គ្នា ដោយត្រូវពាក់​មួក​សុវត្ថិភាពជាដាច់ខាត និងមិនត្រូវ​ឲ្យអ្នកដទៃ​ស្លាប់​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ដោយសាតែយើងជាអ្នកបង្កនោះទេ (ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិតយើងបានម្នាក់)។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោក លឹម ហេង ដែលជានិច្ចកាល តែងតែជួយដល់ការងារមនុស្សធម៌ជាច្រើន តាមរយៈ សាខា​កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសូមបន្តប្រពៃណីនៃការចែករំលែកក្តីអាណិត និងក្តីស្រឡាញ់បន្ថែមទៀត ដើម្បីចូលរួម​ក្នុង​ការអភិវឌ្ឍន៍​ខេត្តស្វាយរៀង។