លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា វត្តគន្ធបុប្ផារាម ហៅវត្តអូគគី ស្ថិតក្នុង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងក្នុង​ឱកាស​នោះ ​​លោកជំទាវក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​ សម្តេច​តេជោ ​ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ជូន​ដល់​ប្រជាពល​រដ្ឋ​ក្នុង​ពិធីទាំង​អស់​ ក្នុង​មនោ​សញ្ចេតនា​នឹក​រលឹក​ និង​ការ​គិត​គូរ​ខ្ពស់​ពី​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​។​ លោកជំទាវ បាន​បញ្ជាក់​ថា៖​ ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជាប្រមុខ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ មាន​សុខ ​សន្តិភាព​ និង ​មាន​ការ​អភិវឌ្ឈន៍​លើ​គ្រប់​វិស័យ​ ទាំង​ផ្នែក​អាណា​ចក្រ​ និងពុទ្ធចក្រ ពិសេស​គឺ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​មាន​ការ​រីក​ចម្រើន​ ហើយ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ​និង​លើក​តម្កើងកាន់​តែ​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត ​ទុក​សម្រាប់​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា ​គោរព​ប្រណិ​បត្តិ​ ស្រប​ទៅ​តាម​ទំនៀម​ទំលាប់​ប្រពៃ​ណីរបស់​ជាតិ​ទៅ​ថ្ងៃ​អនាគត​។​

ដោយឡែកខេត្តកំពង់ស្ពឺក៏បានប្រែក្លាយពីតំបន់ដែលមានសង្គ្រាម មកជាតំបន់ដែលជាគោលដៅរបស់អ្នកវិនិយោគគ្រប់ប្រភេទ មាន​រោងចក្រ សហគ្រាស និងក្រុមហ៊ុនជាច្រើន ដែលបានបង្កើនឱកាសការងារក្នុងស្រុក និងកាត់បន្ថយការធ្វើចំណាកស្រុក និងជួយ​ឲ្យ​ជីវភាពប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ កើនឡើងថែមមួយកម្រិតទៀត ។

លោកជំទាវបាន​ធ្វើ​ការ​កោត​សរសើរ​ដល់​សប្បុរស​ជន​ដែល​បាន​ចំណាយ​ធន​ធាន​ផ្ទាល់​ខ្លួន ​ដើម្បី​លើ​ស្ទួយ​វិស័យ​ពុទ្ធ​ចក្រ​ ឱ្យ​មាន​ការ​រីក​ចំរើន​សម្រាប់ព្រះ​សង្ឃ ​ពុទ្ធបរិស័ទ​ បាន​ធ្វើ​បុណ្យ​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ​ដែល​ជា​សាសនា​របស់​រដ្ឋ​។ លោកជំទាវបាន​ចាត់​ទុក​សមិទ្ធ​ផល​នានា​ ដែល​ វត្ត​គន្ធបុប្ផារាម ទទួល​បាន​នា​ពេល​នេះ គឺ​ដោយ​សារ​តែ​ប្រទេស​ជាតិ​របស់​យើង​មាន​សន្តិភាព ​ហើយ​សន្តិភាព​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចំរើន ​ផ្នែក​សេដ្ឋកិច្ច​ សាសនា និ​ង​ភាព​សុខ​ដុមរមនារបស់​ប្រជាពល​រដ្ឋ​ទូ​ទាំង​ប្រទេស។​ ​

សូម​បញ្ជាក់​ថា​៖​ សមិទ្ធផល​នា​នា​ក្នុងវត្ត​រួមមា​ន ​ព្រះវិហារ​ថ្មី ដងទង់១គូរ ដែលបាន​ចំណាយ​ថវិកា​សាង​សង់​អស់​ចំនួន ៤៥៥.១៦៨$៕