លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យ លោកស្រី ចាន់ ថន ផ្សព្វផ្សាយបន្ត​ពីការអភិវឌ្ឍន៍​របស់​កម្ពុជា នៅពេលដែលលោកស្រី​ត្រលប់​ទៅ​សហរដ្ឋអាមេរិកវិញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ជួប​ជាមួយ លោកស្រី ចាន់ ថន នៅពេលដែលលោកស្រីព្រមទាំងក្រុមគ្រួសារ បានធ្វើដំណើរ​មកកំសាន្តមក​កាន់ព្រះរាជាណាចក្រកម្ពុជា​អំឡុង​ពេលវិស្សមកាលចុងឆ្នាំ រសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ នៅ​ភោជនីយដ្ឋាន​សូរិយា រាជធានីភ្នំពេញ។

លោកស្រីបាន ចាន់ ថន ដែលជាជនជាតិខ្មែររស់នៅក្រៅប្រទេសបានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល ដែលនេះជាលើកដំបូង ហើយ​ដែល​លោកស្រីបានមកដល់មាតុប្រទេសវិញ គ្រាដែលលោកស្រីបានចាកចេញពីប្រទេសទៅរស់នៅសហរដ្ឋអាមេរិក អស់រយៈពេលជាង ២០ឆ្នាំ។

លោកស្រីបានមើលឃើញថា កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនខ្លាំង មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង សំណង់អគារខ្ពស់ៗ សុខសុវត្ថិភាព និងមានស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វាផ្ទុយ​ស្រឡះ​ពីអ្វីដែលប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួន បាននិយាយថា កម្ពុជាមិនមានស្ថេរភាពនោះទេ។ លោកស្រីបានបន្តទៀតថា ខ្ញុំ​វង្វេង​អស់​ហើយ មិនបានចាំថាកន្លែងណា ជាកន្លែងណានោះទេ ពីព្រោះវាបានផ្លាស់ប្តូរអស់ហើយ ពីស្ងាត់ជ្រងំ មកជាអ៊ូរអរ និង​មាន​មនុស្ស​ច្រើន​ណាស់ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើនដែលបាននឹងកំពុងដំណើរការជាហូរហែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់លោកស្រី ចាន់ ថន ដែលមើលឃើញអំពីការអភិវឌ្ឍន៍ប្រទេស និង​បាន​សំណូមពរ​​ឲ្យលោកស្រីធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាជនខ្មែនៅក្រៅប្រទេស ក៏ដូចជាជនបទេស នៅពេល​ដែលត្រលប់​ទៅដល់​សហរដ្ឋអាមេរិក​វិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជា​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុងការងារអភិវឌ្ឍន៍ប្រទេស។