លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ និងពិធីប្រកាសទទួលស្គាល់ ការកែរសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង​ជា​ប្រធាន​សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅ​អនុវត្តឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់ ការកែរសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បី​សន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃច័ន្ទ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អភិបាល​នៃគណៈអភិបាល​ខេត្ដ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភ គាំទ្រដល់សកម្មភាពរបស់សមាគមនារីកន្លងមក ។

នៅក្នុងពិធីប្រកាសកែសម្រួលនោះ លោកជំទាវ វ៉ាន់ ដានីន ជាម ច័ន្ទសោភណ្ឌ ក៏ត្រូវបានតែងតាំងជាប្រធានកិត្តិយស សាខា​សមាគមន៍នារី​កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ រួមជាមួយសមាជិការមួយចំនួនទៀត ក៏បានបំពេញបន្ថែមនៅក្នុងរចនាសម្ព័ន្ធផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើ​ឲ្យលោកជំទាវ​និងថ្នាក់ដឹកនាំ ដែលបានតែងតាំងក្នុងថ្ងៃនេះ ត្រូវអនុវត្ត​តាមតួនាទី​ភារកិច្ច​របស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយផ្តោតជាសំខាន់លើការងារកសិកម្ម សុខាភិបាល អប់រំ និងវិស័យផ្សេងៗ​ទៀត​ដែល​ជា​វិស័យអាទិភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

នៅបញ្ចប់​កម្មវិធី លោកជំទាវក៏បាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ចំនួន ៥លានរៀល ជូនដល់​សាខា​សមាគម​នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំផងដែរ។