លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អរគុណសន្តិភាព ធ្វើឲ្យវិស័យឯកជនបានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ០៤/០១/២០២០05/01/2020 773 ពិធីសម្ពោធ, ស្វាយរៀង លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសម្ពោធផ្លូវបេតុងប្រវែង ១,១១០ម៉ែត្រ ចំណាយថវិកាអស់ ១២៥,៧៩០ដុល្លារ (មួយរយម្ភៃប្រាំពាន់ប្រាំពីររយកៅសិបដុល្លារ) តភ្ជាប់ពីវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ទៅដល់វត្តល្ងើន ស្ថិតក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី។ លោកជំទាវក៏បាន អរគុណសន្តិភាព មានសន្តិភាពជាឱកាសពេជ្រដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ដូចដែលយើងឃើញផ្ទាល់ភ្នែកនៅខេត្តស្វាយរៀង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេសឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ។ «ខ្ញុំសង្ឃឹមថា ផ្លូវថ្មីនេះនឹងលើកស្ទួយមុខមាត់ស្រុកស្វាយជ្រំ ដែលជាបេះដូងនៃខេត្តស្វាយរៀង» ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណវិស័យឯកជនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀងនាពេលនេះ ដែលមានលោកជំទាវឧកញ៉ា យូ លឹម និងលោកឧកញ៉ា សួង ធឿន និងសប្បុរជនជាច្រើននាក់ទៀតរួមគ្នាកសាងផ្លូវមួយខ្សែរនេះ។