លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតិឲ្យ លោកជំទាវ ទេព រង្សី ខៀវ កញ្ញារីទ្ធ ដឹកនាំប្រតិភូសមាគមនារី នៃក្រសួងព័ត៌មានចូលជួបសម្តែងការគួរសម ១១/០៣/២០១៩01/04/2019 882 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាគមនារី កម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានអនុញ្ញាតិឲ្យ លោកជំទាវ ទេព រង្សី ខៀវ កញ្ញារីទ្ធ ដឹកនាំប្រតិភូសមាគមនារី កម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម ក្នុងឱកាសខួបលើកទី ១០៨ ទិវានារីអន្តរជាតិ ៨មិនា ដើម្បីទទួលបាននូវអានុសាសន៍ថ្មីៗ ក៏ដូចជាផែនការសម្រាប់បន្តសកម្មភាពការងាររបស់សមាគមនារីក្រសួងព័ត៌មាន នៅភូមិគ្រឹះលោកជំទាវកិត្តិសង្គហបណ្ឌិត ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវក្តីសោមន្សរីករាយ ចំពោះការយកចិត្តទុកដាក់របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលបានបំពេញនូវតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែកនៃវឌ្ឍនៈភាពកម្ពុជា។ ជាការពិតមួយមិនអាចប្រកែកបានស្រ្តីក្រៅអំពីដើរតួនាទីជាម្តាយ ជាប្រពន្ធ ជាមេគ្រួសារ ស្រ្តីក៏ពិតជាបានលះបង់ ទាំងកំលាំងកាយ កម្លាំងចិត្តយ៉ាងមុតមាំសម្រាប់សេចក្តីសុខ សុភមង្គលនៃប្រទេសជាតិ ស្រ្តីបានចូលរួមគ្រប់ សកម្មភាពទាំងអស់របស់ប្រទេសពិសេសគឺបានចូលរួមក្នុងការរំដោះជាតិមាតុភូមិអោយរួចផុតអំពីភ្លើងសង្រ្គាមផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ គឺកម្ពុជាពិតជាបានយកចិត្តទុកដាក់ណាស់ចំពោះស្រ្តីកម្ពុជា ដោយបានប្រគល់ ជូននូវតួនាទីភារៈកិច្ច ការសម្រេចចិត្តចំពោះស្រ្តីក្នុងភាពជាអ្នកដឹកនាំចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាអោយស្រ្តី និង បុរស មានសិទ្ធស្មើភាពគ្នាក្នុងការអភិវឌ្ឍន៍ប្រទេស។ លោកជំទាវ ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់បងប្អូន ជានារីក្នុងវិស័យសារព័ត៌មាន ត្រូវធ្វើយ៉ាងណា កសាង អភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាធ្វើយ៉ាងណាផ្តល់ជូន នូវរាល់ព័ត៌មានដែលពិត ទាំងព័ត៌មានពីការអភិវឌ្ឍន៍ជាតិ ព័ត៌មាននៃសកម្មភាពរដ្ឋាភិបាលកម្ពុជា ដល់សាធារណៈជន ប្រកបដោយ ប្រសិទ្ធភាព ទាន់ពេលវេលា និងការទទួលខុសត្រូវ ព្រមជាមួយការយកចិត្តទុកដាក់របស់នារីក្នុងវិស័យសារព័ត៌មាន សម្រាប់ការងារសង្គមជាតិលើគ្រប់វិស័យផងដែរ។