លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អរគុណសន្តិភាព ដែលបានធ្វើឲ្យមានសុខុដុមនីយកម្មលើផ្នែកសាសនា

លោជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទការសូត្រលើកទី២៩ និងប្រឡងចាំមាត់លើកទី៣ នៃគម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិ ឆ្នាំ២០២០ ក្រោមប្រធានបទ ឥស្លាម សេដ្ឋកិច្ច នៅវិហារធំគីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹក និង​ស្រឡាញ់​ពី​សំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេរ​បានយកចិត្តដល់សុខទុក្ខ​របស់​ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ឬជាតិសាសន៍ជូនដល់អង្គពិធីផងដែរ។

លោកជំទាវក៏បានបន្តទៀតថានេះជាលើកទី១០ ហើយ ដែលបានចូលរួមជាតំណាងសម្តេចតេជោក្នុងពិធីបែបនេះ។ លោកជំទាវក៏បានអរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ដែលកត្តា​សុខ​សន្តិភាព​នេះ​​បានធ្វើឲ្យមានសុខុដុមនីយកម្មគ្រប់បែបយ៉ាង ក្នុងនោះផ្នែកសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យយើងទាំងអស់គ្នាប្រារព្ធពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះបាន។

ជាទីបញ្ចប់ លោកជំទាវក៏បាននាំយកនូវថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ១០លានរៀល (ដប់លានរៀល) ឧបត្ថម្ភជូនដល់កម្មវិធីនេះផងដែរ៕