ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងបើកសន្និបាតបូកសរុបការងារ ឆ្នំា២០១៩ និងលើកទិសដៅការងារ ឆ្នំា២០២០ នៅថ្ងៃទី២០ ខែមករា ១៧/០១/២០២០18/01/2020 1517 សន្និបាត, សេចក្ដីប្រកាសព័ត៌មាន ភ្នំពេញ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងមានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នាថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នំាកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នំា២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។ នៅក្នុងសេចក្តីប្រកាសដដែរបានបញ្ជាក់ថា សន្និបាតនេះផ្តោតលើការត្រួតពិនិត្យ វាយតម្លៃ និង បូកសរុបលទ្ធផលការងារ ដែលក្រសួងបាន សម្រេចក្នុងឆ្នាំ២០១៩ កន្លងមក និងដាក់ចេញនូវវិធានការទិសដៅថ្មីៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២០ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបំរើប្រជាជនលើវិស័យការងារទំនាក់ទំនង សម្របសម្រួលជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច ការទទួល និងដោះស្រាយបណ្តឹងនានា សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូល។ តាមរយៈនៃសន្និបាតនឹងទទួលបាននូវការពិភាក្សាស្វែងរកធាតុចូលបន្ថែមលើប្រធានបទ ចំនួន៤ រួមមាន ៖ ១-ការពង្រឹងប្រសិទ្ធិភាព កិច្ចការទំនាក់ទំងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់ ២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ៣-ការពង្រឹងប្រសិទ្ធិភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង ៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច លទ្ធផលសកម្មភាពការងារក្នុងឆ្នាំ២០១៩ គឺពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាការបន្តអនុវត្តន៍ទៅមុខទៀត ក្នុងនោះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្តេជ្ញាចិត្ត ចូលរួមចំណែកបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយមានកំណត់នូវអាទិភាព សូចនាករ និង ក្របខ័ណ្ឌ ពេលវេលាច្បាស់លាស់ សម្រាប់អនុវត្ត និងយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ផ្អែកលើកលទ្ធផលការងារ ព្រមទាំងមានកំណត់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន ទៅតាមមុំ ឬវិស័យនីមួយៗឲ្យទទួលបានជោគជ័យទៅតាមផែនការ។ សមិទ្ធផលឆ្នាំ២០១៩ កន្លងទៅ គឺជាលទ្ធផលដែលបានកើតចេញពីការចូលរួមរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកិច្ចសហការណ៍ពីបណ្តាស្ថាប័នពាក់ព័ន្ធនានា ដែលសុទ្ធតែជាតួអង្គសំខាន់ៗមិនអាចខ្វះបាន។ វឌ្ឍនៈភាព នៃការងារគ្រប់ផ្នែករបស់ក្រសួង ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្រោមការងារដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕