លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរាបទូតអាមេរិកប្រចាំនៅកម្ពុជាថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវបាវចនា កែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យ

ក្នុងខណៈជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ ឯកឧត្តម ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy ) ថាៈ រាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងជាយូរអង្វែងមកហើយជាមួយសហរដ្ឋអាមេរិកនោះឡើយ ។ ក្នុងនោះរាជរាដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែណែនាំដល់គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងនៅក្រោមជាតិ ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អប្រសើរទ្វេរឡើង ដោយឈរលើបាវចនា កែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យ ។

សូមបញ្ជាក់ថា កិច្ចពិភាក្សារវាងលោកជំទាវ ម៉ែន សំអន ជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានាពេលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។ នៅក្នុងជំនួបរយៈពេលជាង៣០នាទី ភាគីទាំងពីរបានបង្ហាញពីទស្សនវិស័យដូចគ្នាទៅនឹងការចង់បាននូវសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ និងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

ឯកឧត្តម ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy )បានជំរាបជូនលោកជំទាវ ឧបនាយករដ្ឋមន្ត្រីថា ស្ថានទូត និងក្រសួងការបរទេសកម្ពុជា បានត្រៀមរៀបចំទិវារំលឹកខួប៧០ឆ្នាំ នៃថ្ងៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិក ដោយនឹងធ្វើតាមខែនីមួយៗរហូតដល់ខែធ្នូឆ្នាំ២០២០ ក្នុងនោះមានវិស័យជាច្រើនដែលត្រូវធ្វើទៅតាមប្រធានបទ នៃរដូវកាលរបស់កម្ពុជា រួមមានដូចជា វិស័យអប់រំ កសិកម្ម បរិស្ថាន សុខាភិបាល និងការលើកកំពស់សិទ្ធិនិងតួនាទីរបស់នារី ។ល។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឯកភាព និងគាំទ្រចំពោះផែនការនៃទិវារំលឹកខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងនោះលោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីគុណតំលៃ នៃទំនាក់ទំនងនេះ ដែលបានបំរើឲ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យ តែទោះជាយ៉ាងណាកម្ពុជាមិនភ្លេចទេចំពោះការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិកដល់កម្ពុជាតាំងពីដើមរៀងមក ពិសេសការជួយរក្សាស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ដែលជាស្នូលនាំមកនូវការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ដែលផ្ទុយពីការបំផ្លើសពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងយកចំណេញផលប្រយោជន៍នយោបាយ ។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ដូណាល់ត្រាំ កន្លងមក ហើយនៅខែមីនា ខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងសន្និសីទកំពូលអាស៊ាន អាមេរិក ។ទាក់ទងនឹងរឿងនេះ ឯកអគ្គរដ្ឋទូត បានស្វាគមន៍ នឹងរងចាំចូលរួមកិច្ច
សហការល្អជាមួយវត្តមានរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់សហរដ្ឋអាមេរិកផងដែរ ។

នៅចុងបញ្ចប់ នៃកិច្ចសន្ទនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបជូនពីតួនាទីរបស់ក្រសួង ដែលកំពុងធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ការផ្សព្វផ្សាយច្បាប់ តាមដានការ អនុវត្តច្បាប់ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹងបរិហារកេរ៍ និងបណ្តឹងតវា ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងការរំលោភដោយអ្នកមានអំណាចមកលើប្រចាពលរដ្ឋ ដែលជាគោដៅចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ។

ជាថ្មីម្តងទៀត លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរដល់ឯកអគ្គរដ្ឋទូត បានប្រកបដោយសុខភាពល្អបរិបូរណ៍ ដើម្បីជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ។