លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ នារីមិនត្រូវស្កប់ស្កល់នឹងជ័យជំនះទេ ប៉ុន្តែ នារីមានតួនាទីក្នុងការចូលរួមចំណែកក្នុងផ្សព្វផ្សាយអំពីសមិទ្ធិផលរបស់រដ្ឋាភិបាល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង​​ជា​ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុង​ពិធីសន្និបាតបូកសរុប​លទ្ធផលការងារ​ប្រចាំ​ឆ្នាំ​របស់​សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារី នូវសេចក្តីនឹករលឹកប្រកបដោយមនោសញ្ចេតកក់ក្តៅ។

លោកជំទាវបានបន្តទៀតថា ៖ កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ និងបានធ្វើឲ្យកាន់តែប្រសើរឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង សម្រាប់ជាការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

លោកជំទាវបានបន្តទៀតថា យើងមិនត្រូវស្កប់ស្កល់នឹងជ័យជំនះនោះទេ ហើយស្រ្តីក៏មានទួនាទីក្នុងការបញ្ជៀប និងផ្សព្វផ្សាយបន្ថែមទៀត នូវសមិទ្ធិផលជាច្រើនដែលបានកសាងឡើងដោយគណបក្សប្រជាជនជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឈានឆ្ពោះ​ទៅដណ្តើម​ជោគជ័យនៃការបោះឆ្នោតនៅឆ្នាំ ២០២២ និង ឆ្នាំ២០២៣ នាពេលខាងមុខ។

លោកជំទាវក៏បានសំណូមពរដល់លោកជំទាវ លោកស្រី ដែលបានប្រកាសកែសម្រួលនាថ្ងៃនេះ ត្រូវអនុវត្តតួនាទីភារកិច្ច​របស់ខ្លួនឲ្យ​មាន​ប្រសិទ្ធិភាពខ្ពស់ស្របតាមតួនាទីដែលមានចែងក្នុងសេចក្តីសម្រេច៕