លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបក្រុមការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ១១/០២/២០២០14/02/2020 978 ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបក្រុមការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក ស្រឡាញ់រាប់អាន។ លោកជំទាវក៏បានកោតសសើរចំពោះសមិទ្ធផល និង លទ្ធផលការងាររបស់ខេត្តស្វាយរៀង ដែលសម្រេចបានកន្លងក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងលទ្ធផលល្អបែបេនះក៏ដោយ លោកជំទាវក៏បានសំណូមពរឲ្យក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងអាជ្ញាធរខេត្តត្រូវ ៖ ទី១. បន្តធ្វើវេទិការសារណៈជាខ្នាតតូចៗបានជាញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ ដើម្បីបានដឹងអំពីស្ថានភាពការលំបាក សំណូមពរនិងធ្វើការដោះស្រាយជូនពួកគាត់។ ទី២) ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីពួកគាត់។ ទី៣) ត្រូវធ្វើការ និងពិភាក្សាគ្នាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត។ ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍មកថ្នាក់លើ។ ទី៤) ត្រូវធ្វើឱ្យបានដូចអភិក្រមទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា២ គឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលត្រូវចងចាំជានិច្ច។ ទី៥) ត្រូវតាមដានស្តាប់ប្រសាសន៍សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។ ទី៦) ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំកំពូលៗ រួមមានសម្តេចនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា ក្នុងវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ទី៧) ត្រូវអប់រំសតិអារម្មណ៍ដល់ប្រជាជនពលរដ្ឋក្នុងមូលដ្ឋានទាក់ទិននឹងបញ្ហា EBA ព្រោះថា EBA គេនឹងដកទៅវិញ នៅពេលដែលប្រទេសក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍន៍។ ទី៨) ក្រុមការងារត្រូវចុះតាមស្រុក គឺត្រូវចុះជួបជាមួយស្ត្រី ក្នុងទិវាខួបលើកទី ១០៩ នៃទិវាអន្តរជាតិ ៨ មិនា ដែលនឹងឈានមកដល់នៅពេលខាងមុខ ស្របតាមទិសដៅរបស់រដ្ឋាភិបាលបានកដាក់ចេញ។