លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ៖ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង និងសមិទ្ធិផលនានា នៅបឋមសិក្សា ហ៊ុន សែន សំយ៉ោង ១២/០២/២០២០14/02/2020 688 ស្វាយរៀង លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង ៤បន្ទប់ និងសមិទ្ធិផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ស្ថិតក្នុងភូមិសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ ប្រមាណ ១,៤០០នាក់ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកជំទាវបានបន្តទៀតថា អគារសិក្សា ១ខ្នង ៤បន្ទប់ រួមជាមួយសមិទ្ធផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង បានចំណាយថវិការសរុប ៧៥.០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧកញ៉ា ប៊ុន មុនី ប្រធានអង្គការស្ថាបនាសហគមន៍កម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ បានជួយកសាងអគារសិក្សានេះឡើង ដើម្បីបំពេញតម្រូវការរបស់សិស្សដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំ។ ការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ និងបានធ្វើយ៉ាងណា ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន និងបង្ខិតជនបទឲ្យកៀកនឹងទីក្រុង។ លោកជំទាវក៏បានសំណូមពរឲ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនទៅថ្ងៃអនាគត គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។ ជាពិសេស ក៏សូមស្នើឲ្យលោកឧកញ៉ា ប៊ុន មុនី ឯកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា និងសប្បុរសជនដទៃទៀតបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ដទៃទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តស្វាយរៀងបន្តទៀត។ ជាទីបញ្ជប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បានដាំដើមឈើជានិមិត្តិរូបផងដែរ។