លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ត្រីពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងថែរក្សាសុខសន្តិភាព និងជម្រុញល្បឿននៃការអភិវឌ្ឍប្រទេស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនារីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន និងទទួលទានអាហារសាមគ្គី នៅភោជនីយដ្ឋានសុរិយា រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូននារីក្រសួងព័ត៌មាន។ លោកជំទាវក៏បានកោតសរសើរ និងថ្លែងអំណរគុណ ដល់លោកជំទាវ ទេព រង្ស៉ី ខៀវ កាញារីទ្ធ ដែលបានខិតខំផ្តួចផ្តើមឱ្យមានពិធីនេះឡើង និងបានបំពេញការងារនារីក្រសួងព័ត៌មានទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកជំទាវក៏បានបន្តទៀតថា ៖ នារីក្នុងស្ថាប័នផ្សព្វផ្សាយ គឺបានធ្វើការប្រមូលយកព័ត៌មាន ការផ្តិតយករូបភាព ការផ្សាយបន្តផ្ទាល់ អំពីសកម្មភាពរបស់ថ្នាក់ដឹកនាំ ក្នុងការចែករំលែកនូវព័ត៌មានជូនដល់ប្រជាពលរដ្ឋ ដើម្បីបុព្វហេតុជាតិ និងបុព្វហេតុពិភពលោក។ ជាក់ស្តែងកាលពីព្រឹកថ្ងៃ១៤ កុម្ភៈ ២០២០ នៃទិវាក្តីស្រឡាញ់ ក៏មានការផ្សាយបន្តផ្ទាល់នូវសកម្មភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយអ្នកទេសចរណ៍ជាង ២ពាន់នាក់ នៅលើនាវាទេសចរណ៍ វេសធឺដាម របស់សហរដ្ឋអាមេរិក ខណៈដែលប្រទេស និងកោះចំនួន៦ មិនបានស្វាគមន៍ឲ្យចុះចត តែពេលនេះបានចុះចតនៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលបាននូវការស្វាគមន៍ ដោយក្តីរាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្តេចតេជោ ដោយទទួលបានការលើកសរសើរយ៉ាងលើសលប់ពីបរទេសពាក់ព័ន្ធបញ្ហាមនុស្សធម៌ និងការមិនរើសអើង។

លោកជំទាវបានបន្តទៀតថា នៅចន្លោះឆ្នាំ ១៩៧៩-១៩៨៣ នារីត្រូវបានជម្រុញក្នុងសកម្មភាពការងារការពារជាតិជាសំខាន់ ជាងការងារ​កសិកម្ម និងការងារផ្សេងៗទៀត។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ស្ត្រីក៏នៅតែ​បានចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការថែរក្សា​សុខសន្តិភាព និងការជម្រុញល្បឿននៃការអភិវឌ្ឍន៍ឲ្យឋិតថេរគង់វង្ស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។