លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជានោះទេ គឺរួមសុខរួមទុក្ខជាមួយប្រជាជនទូទាំងសកលលោក ១៥/០២/២០២០17/02/2020 659 ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តភារកិច្ចរបស់ក្រុមការងារ គណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី៧ លើកទី៤ លើកទិសដៅសម្រាប់អនុវត្តបន្ត ដែលសមាសភាពចូលរួមចំនួន ៧៦៤នាក់ នៅមន្ទីរបក្សខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនអង្គពិធីទាំមូលផងដែរ។ លោកជំទាវក៏បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានបំពេញតួនាទីជាគណបក្សដឹកនាំប្រទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយធានាគ្រប់ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិប្រព្រឹត្តទៅយ៉ាងល្អ ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន។ លោកជំទាវក៏បានអបអរសាទរ និងកោតសរសើរ ចំពោះលទ្ធផលដ៏ល្អប្រសើរ ដែលក្រុមការងាររួមជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ បានបំពេញទទួលបានជាបន្ដបន្ទាប់ ពិសេសការរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តដោយជោគជ័យនូវការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់ស្រុក ឃុំ-សង្កាត់ និងភូមិទូទាំងខេត្ត។ កិច្ចការដ៏ប្រពៃនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ និងបង្កើនបាននូវជំនឿកាន់តែរឹងមាំថែមទៀតលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា សមាជិក សមាជិការ របស់គណបក្សប្រជាជន មិនត្រូវភ្លេចខ្លួន ធ្វេសប្រហែស ហើយប្រព្រឹត្តកំហុសផ្សេងៗ ដូចជា ប្រើប្រាស់អំណាចបំពានច្បាប់ ប្រព្រឹត្តអំពើពុករលួយ កៀបសង្កត់ប្រជាជនជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាប្រមុខ។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវលុបបំបាត់អំពើដែលខុសឆ្គងនិងភាពអសកម្មចំពោះបក្សនិងប្រជាពលរដ្ឋនៅមូលដ្ឋាន រួមគ្នាប្រព្រឹត្តតែអំពើល្អ និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានល្អប្រសើរ។ ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារ អរគុណសន្តិភាព ក្នុងថ្ងៃនៃទិវាក្តីស្រឡាញ់ ដោយបានទទួលស្វាគមន៍ និងផ្តល់ក្តីស្រឡាញ់អស់ពីបេះដូងជូនដល់បងប្អូនចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ នៅលើនាវាទេសចរណ៍ វេសធឺដាម របស់សហរដ្ឋអាមេរិក ខណៈដែលប្រទេស និងកោះចំនួន ៦ មិនបានស្វាគមន៍ឲ្យចុះចត តែពេលនេះបានចុះចតនៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលបាននូវការស្វាគមន៍ ដោយក្តីរាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្តេចតេជោ។ សកម្មភាពដ៏ប្រពៃរបស់សម្តេចតេជោ ត្រូវបានបរទេសកោតសសើរនូវទឹកចិត្តមនុស្សធម៌ និងមិនមានការរើសអើងដោយទទួលបាននូវការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនលើសលុប និងបានបង្ហាញពិភពលោកថា កម្ពុជាជាប្រទេសតូចមែន ប៉ុន្តែ ជនជាតិខ្មែរតែងតែមានចិត្តទូលាយជានិច្ច៕