លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឧបាសិកា ដួង បា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា ដួង បា ដែលបានទទួលមរណភាព កាលពី ២២:១៧នាទី រាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

ឧបាសិកា ដួង បា គឺជាបងស្រីបង្កើតរបស់លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង។ ឧបាសិកា ដួង បា ជាសមាជិក​សមាគមន៍​អតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង និងជាស្ត្រីតស៊ូម្នាក់ក្នុងសម័យសង្គ្រាមកាលពីអតីតកាល ក្នុងការរំដោះ​ប្រទេសជាតិ​ចេញ​ពីរបប ប៉ុល ពត ផងដែរ ។

នៅក្នុងឱកាសដ៏ក្តុកក្តួលនោះ លោកជំទាវក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកជំទាវ ដួង វណ្ណា ចំពោះការបាត់បង់បងស្រី ជាទីស្រឡាញ់នាពេលនេះ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ដួង បា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត​ឡើយ។

ពិធីបុណ្យសពបានរៀបចំធ្វើឡើងតាមបែបប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានសព ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង៕