លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ការអភិវឌ្ឍន៍ប្រទេស គឺមានចំណែកចូលរួមពីវិស័យឯកជន ២០/០២/២០២០ 683 ព័ត៌មាន, ពិធីសម្ពោធ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី និងស្ទូឌីយូភ្លោះរបស់ទូរទស្សន៍ហង្សមាស ស្ថិតក្នុងសង្កាត់ព្រែកឯង រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាមរបាយការណ៍របស់ លោក អ៉ឹង ឆៃនួន អគ្គនាយកក្រុមហ៊ុនហង្សមាសហ្គ្រុប បានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៩០ គឺអាជីវកម្មរបស់ខ្លួនបានជួលកាសែតវីដេអូតូចៗ។ នៅឆ្នាំ១៩៩៤ បានពង្រីកខ្លួនបើកជាផលិតកម្មហង្សមាស រួចបន្ត បង្កើតជាស្ថានីយ៍វិទ្យុចំនួន២ បន្ថែមទៀត។ ឆ្នាំ២០១១ ក្រុមហ៊ុនក៏សម្រេចបង្កើតស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា HD ដំបូងគេនៅកម្ពុជា រហូតដល់ឆ្នាំ២០១៤ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក្រុមហ៊ុនក៏បានសម្រេចចិត្តបង្កើតស្ថានីយ៍ទូរទស្សន៍មួយទៀតឈ្មោះ រស្មីហង្សមាស HDTV ដើម្បីបំពេញសេចក្តីត្រូវការ ពេលនោះវិទ្យុ និងទូរទស្សន៍របស់ហង្សមាស បានក្លាយទៅជាអ្នកផ្តល់សេវាព័ត៌មាន លឿន រហ័ស ជឿទុកចិត្ត និងប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវៈ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ៖ អគារទំនើបដ៏ធំមានកម្ពស់ ៩ជាន់ រួមមាន ស្ទូឌីយោភ្លោះ សាលប្រជុំ ការិយាល័យ អាហារដ្ឋាន និងលំនៅដ្ឋាន ដែលសម្ភោធដាក់ឲ្យដំណើរការនាថ្ងៃនេះ គឺជាសមិទ្ធផលបានមកពីការខិតខំចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន ហង្សមាសហ្គ្រុប ដែលជាវិស័យឯកជនក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក្រោមម្លប់នៃសុខសន្តិភាព។ ដូច្នេះស្ទូឌីយោថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសនេះ ពិតជាចូលរួមជម្រុញបន្ថែមទៀត ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈការអប់រំ ការផ្សព្វផ្សាយច្បាប់ និងចំណេះដឹងផ្សេងៗ។ ទទ្ទឹមនឹងជោគជ័យ និងទទួលបានគាំទ្រយ៉ាងណាក៏ដោយ លោកជំទាវក៏បានសំណូមពរឲ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើ៖ ទី១. ត្រូវផ្សាយកម្មវិធីនានាប្រកបដោយគុណភាព និងផ្សាយព័ត៌មានដែលមានខ្លឹមសារបម្រើដល់ប្រយោជន៍ជាតិ ដោយវិភាគឱ្យបានគ្រប់ជ្រុងជ្រោយជៀសវាងការលំអៀង។ ទី២. តាមរយៈនូវការផ្សព្វផ្សាយព័ត៌មានពិត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត និងស្នើឲ្យអ្នកគ្រប់គ្រងកម្មវិធីផ្សាយ ត្រូវបន្តច្នៃប្រឌិត បង្កើត និងជាវកម្មវិធីល្អៗថ្មីៗថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ទស្សនិកជនផង។ ទី៣. សូមជួយយកចិត្តទុកដាក់ដល់ការលើកស្ទួយវប្បធម៌ និងសីលធម៌ ប្រពៃណីជាតិយើង តាមរយៈកម្មវិធីនានា និងការបង្ហាញសម្លៀកបំពាក់ និងអាកប្បកិរិយា នៃពិធីករ ពិធីការិនី សិល្បករ និងសិល្បការិនី តារាចម្រៀង និងតារាសម្តែង។