លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” នៅក្រសួងបរិស្ថាន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” នៅក្រសួងបរិស្ថាន នារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូននារីគ្រប់ជាន់ថ្នាក់ នៃក្រសួងបរិស្ថាន ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ ។

បើយោងតាមរបាយការណ៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ៖ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកម្ពស់ស្ត្រី ស្របតាមគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលទាក់ទងនឹងបញ្ហាយេនឌ័រ ក្នុងនោះក្រសួងក៏បានរៀបចំគោលនយោបាយ ស្តីពី កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន ការបញ្ជ្រាបស្ត្រីទៅក្នុងការងារសហគមន៍ ការងារថែរក្សាបរិស្ថាន ការងារអភិរក្សធនធានធម្មជាតិ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហា អំពីគម្លាតយែនឌ័រនៅក្នុងសង្គម និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលនៃសុខសន្តិភាព ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” នៃទិវាអន្តរជាតិនារី ឆ្នាំនេះគឺជាប្រធានបទមួយមានខ្លឹមសារដ៏មានអត្ថន័យ ដែលបានបង្ហាញថាសន្តិភាពមានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយវាជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ជាតិកម្ពុជា។ ទន្ទឹមនឹងនោះផងដែរ ការរក្សាសន្តិភាពជាភារកិច្ចរបស់យើងទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព ដែលបានកើតចេញពីការអនុវត្តន៍នូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ក្នុងការបញ្ចប់ភ្លើងសង្គ្រាម និងបានផ្តល់ឱកាសពេញលេញដល់រាជរដ្ឋាភិបាលបានរៀបចំ និងបានដាក់ចេញគោលនយោបាយស្តារ និងអភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ ដោយបានទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុន និងបង្កើតការងារជូនប្រជាពលរដ្ឋ។