នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអាជ្ញាធរខេត្តកំពត ផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ក្នុងស្រុកឈូក

ខេត្តកំពត, ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអាជ្ញាធរខេត្តកំពត បានផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ជូនដល់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកឈូក ខេត្តកំពត សរុបចំនួន ៣៥៨ នាក់/ស្ត្រី ១៨៦ នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម វេជ្ជបណ្ឌិត ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងឯកឧត្ដម សេង សិរីបុត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីលោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងការិយាល័យតំណាងរាស្ត្រខេត្ត លោកអភិបាលស្រុក និងលោកអធិការរងស្រុកឈូកផងដែរ។