លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្រ្តីរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីស្ថេរភាពរស់នៅរបស់ក្រុមគ្រួសារ និងស្ថេរភាពរបស់អង្គភាព ០៦/០៣/២០២០ 727 យេនឌ័រ, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ក្នុងឱកាសលោកជំទាវជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង និង នារីនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បត្តិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.២៥៦៣ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ។ លោកជំទាវក៏បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងសុខសន្តិភាពនេះ នារីខ្មែរក៏បានអភិវឌ្ឍលើកកម្ពស់សមត្ថភាពខ្លួននៅក្នុងស្ថាប័ននីមួយៗ រហូតក្លាយជាថ្នាក់ដឹកនាំ តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ជាតិ។ លោកជំទាវក៏បានជម្រុញដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រ និងលើកកម្ពស់ស្ដ្រី ក្នុងការចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យស្របទៅតាមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” នៃទិវាខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ នាឆ្នាំនេះ។ លោកជំទាវក៏បានស្នើឲ្យអង្គពិធីទាំងមូលត្រូវយកចិត្តទុកដាក់ ៖ ទី១. ស្រ្តីក្នុងក្របខណ្ឌរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង ត្រូវចេះរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងការងារផ្សេងៗដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ទី២. កងកម្លាំងជានារី ត្រូវពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានប្រជាពលរដ្ឋ ត្រូវបង្កើនកិច្ចសហការជាមួយគ្នាទូទាំងខេត្ត ក៏ដូចជាបណ្តាខេត្តជិតខាង ដើម្បីថែរក្សានូវសុខសន្តិភាព ទាំងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ៣. ស្រ្តីរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីស្ថេរភាពរស់នៅរបស់ក្រុមគ្រួសារ និងស្ថេរភាពអង្គភាព។ ៤. ស្នើដល់កងកម្លាំងគ្រប់ប្រភេទត្រៀមរៀបចំការពារសណ្តាប់ធ្នាប់ឲ្យបានល្អ សម្រាប់ព្រឹត្តិការណ៍ សង្ក្រានស្វាយរៀង ឆ្នាំ២០២០ ក៏ដូចជាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្តផងដែរ។ ៥. ស្នើបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ៦. ត្រូវចេះការពារខ្លួន ចេះធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុត ដែលការពារខ្លួនបានពីជម្ងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ដែលបច្ចុប្បន្ននេះជម្ងឺ COVID-19 បាននឹងកំពុងរីករាលដាលពាសពេញពិភពលោក៕