លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្រ្តីសូមអរគុណសម្តេចតេជោ និងកត្តាសុខសន្តិភាព ដែលជាឆ្អឹងខ្នងនៃកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់សមភាពយេនឌ័រ ០៦/០៣/២០២០07/03/2020 2789 យេនឌ័រ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅទីស្តីការក្រសួង នារសៀល ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា សម្រាប់ប្រធានបទឆ្នាំនេះ គឺរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង “ អរគុណសន្តិភាព ” ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដី ប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេសសមភាពយេនឌ័រ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជាស្ត្រី នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន បានគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះស្តីពី “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” ជាប្រធានបទមួយឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ព្រោះថា ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន បើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់។ សន្តិភាពគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។ ជាក់ស្តែង បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសអាស្រ័យដោយគោលនយោបាយ ” ឈ្នះ-ឈ្នះ “ ប្រទេសកម្ពុជាមានភាព រីកចម្រើនជឿនលឿនជាលំដាប់ក្នុងខណៈបោះជំហានលើមាគ៌ានៃការកសាង និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនេះដែរ លោកជំទាវ ក៏បានកោតសរសើរចំពោះក្រុមការងារយេនឌ័រក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានរៀបចំ និងផ្តល់កិច្ចសហការ ដល់ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា នៅថ្ងៃនេះ ឱ្យមានដំណើរការបានរលូន និងអធិកអធម និងសូមអំពាវនាវឱ្យមន្រ្តីរាជការរបស់យើង ពិសេស មន្រ្តីជានារីតែម្តង សូមបន្តបង្កើនចំណេះដឹងរបស់ខ្លួន ដើម្បីពង្រឹងជីវភាពគ្រួសារ ក៏ដូចជាពង្រឹងស្ថានប័នរបស់ខ្លួនផងដែរ៕