លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អនុសាសន៍ ៩ចំណុច សម្រាប់ជាទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង ១២/០៣/២០២០13/03/2020 951 សន្និបាត, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង នារសៀល ថ្ងៃព្រហ្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវក្តីនឹករលឹកចំពោះអង្គពិធីទាំងមូល។ លោកជំទាវបានបន្តទៀតថា សន្និបាតរយៈពេលពេញមួយថ្ងៃនេះ គឺបានប្រមូលនូវធាតុចូលយ៉ាងច្រើន ដែលជាផ្នែកដ៏សំខាន់សម្រាប់ដាក់ចេញជាទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២០ ដែលជាឆ្នាំទី២ នៃការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹងលទ្ធផលដែលខេត្តស្វាយរៀងសម្រេចបានលទ្ធផលល្អយ៉ាងណាក៏ដោយ លោកជំទាវក៏បានស្នើឲ្យរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវរួមសហការគ្នាដូចខាងក្រោម៖ ១. ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបដិវត្តព័ណ៌។ ២. អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ៣. ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម ជាពិសេស ផ្តោតលើសក្តានុពលទេសចរណ៍ក្នុងខេត្ត ដោយត្រូវពង្រឹងគុណភាពសេវាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សំដៅបង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ៤. ផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងគុណភាពសំណង់ សំរាម កាកសំណង់រឹងរាវ និងការគ្រប់គ្រងបរិស្ថាន បញ្ហាសណ្តាប់ធ្នាប់ អនាម័យ សោភណ្ឌភាព ដែលចាំបាច់ត្រូវគិតគូរអំពីវិធានការ និងដំណោះស្រាយ លើបញ្ហាប្រឈមទាំងនោះឲ្យបានសមស្រប និងទាន់ពេលវេលា។ ៥. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខាងផ្នែកនយោបាយ យ៉ាងមុតមាំក្នុងការជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យមានការវិវត្តទៅមុខជាបន្តបន្ទាប់ ដោយផ្តោតជាសំខាន់ទៅលើការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ៦. អំពីការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស។ ៧. អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់នូវបទល្មើសឆ្លងដែន។ ៨.ការពង្រឹងរបៀបរបបការងារ ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូលក្នុងការពង្រឹងកិច្ចដំណើរការអភិបាលកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ ជាមួយក្រុមប្រឹក្សារបស់ខ្លួន ស្របតាមច្បាប់រៀបចំអង្គការ និងគោលការណ៍ណែនាំនានាជាធរមាន។ ៩. ស្នើឲ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង បន្តយកចិត្តទុកដាក់ក្នុងការអប់រំ ផ្សព្វផ្សាយ ដើម្បីទប់ស្កាត់នូវជម្ងឺ កូរ៉ូណា ឬ COVID-19 ៕