លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់ ម៉ាស់ ទឹកលាងដៃកម្ចាត់មេរោគ និងអាល់កុល ជូនមន្ទីរពេទ្យព្រះកេតុមាលា ០២/០៥/២០២០ 663 សុខាភិបាល លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីប្រគល់ ម៉ាស់ ទឹកលាងដៃកម្ចាត់មេរោគ និងអាល់កុល ជូនដល់ លោកជំទាវឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករងមន្ទីរពេទ្យព្រះកេតុមាលា និងលោកជំទាវឧត្តមសេនីយ៍ទោ ឯក ឆវីវណ្ណា នាយករងមន្ទីរពេទ្យព្រះកេតុមាលា នារសៀលថ្ងៃសៅរ៍ ១១កើត ខែពិសា ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរបស់មន្ទីរពេទ្យព្រះកេតុមាលាក្នុងសកម្មភាពទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ លោកជំទាវបាននាំយកម៉ាស់ចំនួន៤ពាន់ម៉ាស់ ទឹកលាងដៃកម្ចាត់មេរោគ ២៥៥ដប និងអាល់កុល ១៥០លីត្រ ឧបត្ថម្ភដល់មន្ទីរពេទ្យព្រះកេតុមាលា សម្រាប់បម្រើដល់វិស័យសុខាភិបាល ដែលកំពុងត្រូវការចាំបាច់នូវម៉ាស់សម្រាប់ពាក់ការពារកុំអោយឆ្លងជម្ងឺកូវវីដ១៩ ដ៏កាចសាហាវនេះ ។ លោកជំទាវឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ ក៏បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលបានផ្តល់សម្ភារៈទាំងនេះ ក្នុងការការពារថែទាំសុខភាព ក្នុងពេលដែលជម្ងឺឆ្លងជាសកលនេះបានរីករាលដាលពាសពេញពិភពលោក ដែលបង្ករអោយមនុស្សឈឺនិងស្លាប់ជាច្រើននាក់៕