លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំដល់នារីខេត្តត្បូងឃ្មុំ ត្រូវជម្រុញបង្កើនផ្នែកកសិកម្ម ខណៈដែលកម្ពុជានៅតែប្រឈមនឹងការឆ្លងរីករាលដាលមេរោគកូវីដ១៩

ក្នុងអំឡុងពេលកាន់ទុក្ខ និងចូលរួមក្នុងពិធីបុណ្យខួបគ្រប់ ៧ថ្ងៃ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយក្មេក សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាម្តាយបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល និងសួរសុខទុក្ខដល់នារីនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដោយបានលើកឡើងថា សម្តេចទាំងទ្វេតែងតែគិតគូរដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដោយក្តីនឹករលឹក។

លោកជំទាវក៏បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់​រួមទាំង​​រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្ម​ក្នុងការចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ។

លោកជំទាវក៏បានក្រើនរំលឹកដល់នារីទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួម​ទប់ស្កាត់នូវ​ការឆ្លង​រីករាល​ដាល​នៃជម្ងឺកូវីដ១៩។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១២០នាក់ និងពុំមានអ្នកស្លាប់នោះទេ ចំណែកឯពិភពលោកកំពុងប្រឈមមុខយ៉ាងខ្លាំងអំពីការឆ្លង និងស្លាប់យ៉ាងកំហុក ដែលមកដល់ពេលនេះ អ្នកឆ្លងមានចំនួនជាង ៤លាននាក់ អ្នកស្លាប់កើនដល់ជាង ២៧ម៉ឺននាក់ និងអ្នកជាសះស្បើយកើនដល់ជិត ១លាន៤សែននាក់។

លោកជំទាវក៏បានស្នើឲ្យបងប្អូនទាំងអស់ត្រូវ៖

១.រក្សាស្រូវអង្ករ អំបិល ត្រីបម្រុងទុក ដោយមិនឲ្យខ្វះខាតឡើយ

២.ជម្រុញឲ្យប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យ​កសិកម្ម

៣. ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល សារាចរណ៍ណេនាំរបស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល។

លោកជំទាវក៏បានសំណូមពរឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្ត និងថែរក្សាឲ្យបាននូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ជាពិសេស អនុវត្តឲ្យបានតាមវិធានកាណ៍ចំនួន ៣ របស់សម្តេចតេជោបានដាក់ចេញ គឺទី១. ការទប់ស្កាត់មិន​​​ឱ្យមានការបន្តនាំជម្ងឺចូលមកកម្ពុជា ទី២. ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

ជាចុងក្រោយ លោកជំទាវក៏បានឧបត្ថម្ភដល់សមាជិកាក្នុងម្នាក់ៗទទួលបាននូវ ជែល អាល់កុល ម៉ាស់ នុំប័ង ត្រីខ និងថវិកាធ្វើដំណើរ។