លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយសប្បុរសធម៌ពីមូលនិធិក្រុមគ្រូពេទ្យចិត្តសប្បុរសប៉ាយសូយឡាវយិនកម្ពុជា និងក្លិបចំនួន៣ទៀត សម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៌ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានទទួលអំណោយសប្បុរសធម៌ពី ១. AG CP Jacky ប្រធានមូនិធិក្រុមគ្រូពេទ្យចិត្តសប្បុរសប៉ាយសួយឡាវយិនកម្ពុជា ២. President Laura (rotary club of Phnom Penh Capital) ៣. President Yuan (rotary club of Phnom Penh Central) ៤. President Phally (rotary club of Phnom Penh Chaktomuk) សម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការងារគ្រោះមហន្តរាយនានានៅក្នុងខេត្តស្វាយរៀង នារសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ បានពាំនាំ​នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារទាំងអស់នូវក្តីនឹករលឹក ដែលមានវត្តមានក្នុងពេលនេះ។

លោកជំទាវក៏បានបន្តទៀតថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដែលនៅលើពិភពលោកបាននឹងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក៏មានមិត្តជាច្រើនបានជួយដល់រាជរដ្ឋាភិបាលកម្ពុជា។

ប៉ុន្តែពេលនេះវត្តមានរបស់មូលនិធិក្រុមគ្រូពេទ្យចិត្តសប្បុរសប៉ាយសួយឡាវយិនកម្ពុជា និងក្លិបទាំងបីទៀត ក៏បានបរិច្ចាកនូវអំណោយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងចំនួន ១,០០០គ្រួសារ ក្នុងនោះរួមមាន ៖ ១. អង្ករ ២០តោន ២. មី ១.០០០កេស ៣. ស្ករស ១តោន ៤. អំបិល ១តោន និង ៥. ទឹកត្រី ១.០០០ដប។

លោកជំទាវក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងសូមបន្តនូវប្រពៃណីចែករំលែក​នេះ​បន្តទៀត ដើម្បីបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តស្វាយរៀងផងដែរ ដោយផ្តោតជាសំខាន់លើស្រ្តី និងកុមារ៕