លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការព្យាបាលជម្ងឺកូវីដ១៩ ដោយពុំមានករណីឆ្លងថ្មី និងអ្នកស្លាប់ ១៦/០៥/២០២០19/05/2020 700 កាកបាទក្រហមកម្ពុជា, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋមកពី ៤ឃុំ រួមមាន ៖ ឃុំតាសួស ឃុំគោគព្រីង ឃុំស្វាយជ្រំ និងឃុំក្រោលគោ សរុបចំនួន ៦៩គ្រួសារ ដែលជាចាស់ជរាឥតទីពឹង ជនពិការ ស្រ្តីមេមាយកូនច្រើន អ្នករស់ជាមួយមេរោគអេដស៍ និងទីទ័លក្រ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។ ការចុះសំណេះសំណាលនេះ លោកជំទាវបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុកដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិត ឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។ លោកជំទាវក៏បានបន្ថែមថា បើបងប្អូនណាមានលក្ខណៈសង្ស័យពីសុខភាពខ្លួន ឬកូនចៅត្រូវអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពេទ្យធ្វើការពិនិត្យសុខភាព និងផ្តល់ប្រឹក្សាជូនបងប្អូនទាំងអស់គ្នា។ ជាពិសេស អាជ្ញាធររគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តស្វាយរៀង ការធ្វើចត្តឡីស័កឲ្យបានហ្មត់ចត់ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។ លោកជំទាវក៏បានបញ្ជាក់ថា ទោះបីជាប្រទេសយើងមានស្ថានភាពជម្ងឺកូវីដ១៩ ទទួលបានជោគជ័យក្នុងការព្យាបាលជំងឺកូវីដ១៩ និងពុំមានករណីឆ្លងថ្មី និងអ្នកស្លាប់ក៏ដោយ យើងក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជម្ងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជម្ងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ មិនភ្លេចយើងនោះទេ) ។ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋទាំង៦៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ ២ដុំ ក្រម៉ា១ ម៉ាស់១ និងថវិកាធ្វើដំណើរចំនួន ៤ម៉ឺនរៀលផងដែរ៕