លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំភ្លេចធ្វើអនាម័យ និងបន្តប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាត ២៤/០៥/២០២០25/05/2020 649 កាកបាទក្រហមកម្ពុជា, ការងារសង្គម, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋនៅស្រុករមាសហែក មកពី ៣ឃុំ រួមមាន ៖ ឃុំគគីរ ឃុំអំពិល និងឃុំកំពង់ត្រាច សរុបចំនួន ៥៤គ្រួសារ ដែលជាចាស់ជរាឥតទីពឹង អ្នករស់ជាមួយមេរោគអេដស៍ និងទីទ័លក្រ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ ការចុះសំណេះសំណាលនេះ លោកជំទាវបានថ្លែងថា ទោះបីជម្ងឺឆ្លងកូវីដ១៩ មានការរីរាលដាលនៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុកដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។ លោកជំទាវក៏បាន កោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេសការធ្វើចត្តឡីស័កឲ្យបានហ្មត់ចត់ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។ លោកជំទាវក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសយើងបានរកឃើញពលរដ្ឋកម្ពុជាមានផ្ទុកមេរោគកូវីដ១៩ ២ករណីបន្ថែមទៀត ដែលបានត្រលប់មកពីក្រៅប្រទេស។ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជម្ងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជម្ងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ)។ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋទាំង ៥៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ ២ដុំ ក្រម៉ា ១ ម៉ាស់ ៦ ជែល ១ដប និងថវិកាធ្វើដំណើរចំនួន ៤ម៉ឺនរៀល ផងដែរ៕