លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញដែលប្រឈមមុខនឹងការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ ២៨/០៥/២០២០28/05/2020 2159 រាជធានីភ្នំពេញ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលារាជធានីភ្នំពេញ ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះ ជួយតាមខណ្ឌ អភិបាលរាជធានី ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក ។ ចំណែកឯកិច្ចប្រជុំថ្ងៃនេះប្រារព្ធឡើង គឺឆ្លើយតបនឹងសេចក្តីណែនាំលេខ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។ លោកជំទាវក៏បានស្នើឲ្យ៖ ១.ប្រធានក្រុមការងារចុះតាមខណ្ឌ និងមន្រ្តីជំនាញទាំងអស់ ត្រូវជម្រុញអនុវត្តឲ្យបានតាមសេចក្តីណែនាំលេខ១៧ របស់រដ្ឋាភិបាល ដែលជារបៀបវារៈប្រជុំព្រឹកនេះ ដោយមានការចូលរួម និង សហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវសម្រេចធ្វើឱ្យបានចប់សព្វគ្រប់នៅ ដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និង តំបន់ទីប្រជុំជន ឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។ ២.ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២ ។ ៣.ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំសតិអារម្មណ៍ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។