លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពិនិត្យដំណើរការសាងសង់អាគារសិក្សាជាអំណោយរបស់ ឯកឧត្តម ប៉េង ប៉ាត់ ២៧/០៦/២០២០27/06/2020 665 តាកែវ, អប់រំ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងសហការី អមដំណើរដោយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធបានអញ្ជើញពិនិត្យដំណើរការសាងសង់អាគារសិក្សាជាអំណោយរបស់អតីតសព ឯកឧត្តម ប៉េង ប៉ាត់ ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ អគារសិក្សានៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា ១ខ្នង កម្ពស់ ២ជាន់ ១២បន្ទប់នេះ បានសាងសង់រួចរាល់បានប្រមាណជាង ៨០% ។ លោកជំទាវ សង្ឃឹមថា អាគារសិក្សាថ្មីនេះនឹងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ដែលជាចំណុចគោលដៅគន្លឹះនៅក្នុងទស្សនៈវិស័យអភិវឌ្ឍន៍យូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អប្រព័ន្ធអប់រំ ដើម្បីឲ្យសេវាអប់រំកាន់តែជ្រាបចូលទៅដល់តំបន់ជនបទដែលពុំមានលទ្ធភាពក្នុងការទទួលបាននូវការអប់រំទូលំទូលាយ និងជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការកាត់បន្ថយនូវភាពក្រីក្រ។ ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កម្មករ កម្មការិនី សំណង់ ដែលបានសាងសង់សាលាដ៏ស្រស់ស្អាតនាពេលនេះ ជាពិសេសក៏បានថ្លែងអំណរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់បង្រៀនសិស្សតាមអនឡាញ ក្នុងអំឡុងពេលកូវីដ១៩ និងសំណូមពរឲ្យបងប្អូនទាំងអស់គ្នាត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការណ៍នានាតាមការកំណត់របស់ក្រសួងសុខាភិបាល៕