លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួង សុំ​សេចក្តីសុខ សេចក្តីចម្រើន​នៅ​តំបន់​ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១.០០០ ខេត្តសៀមរាប

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាតំណាងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីបួងសួងនៅ តំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១.០០០ ដែលមានទីតាំងស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណជាង ៥០០នាក់។ ពិធីបួងសួងនេះត្រូវបានរៀបចំឡើង ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ពិសេសជៀសផុតពីជំងឺកូវីដ១៩ ។

លោកជំទាវក៏បានបួងសួងឲ្យសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូម សម្តេចទាំងទ្វេមានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត និងជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាចុងក្រោយលោកជំទាវក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ចែក​ជូន​ដល់អ្នកចូលរួម​ក្នុង​កម្មវិធី​ទាំងជាង ៥០០នាក់ ដោយម្នាក់ៗទទួលបាននូវ ក្រមា ១ ក្រណាត់ស និងថវិកាមួយចំនួន៕