គូបាជាប្រទេសទី៤ ដែល​បាន​មក​ដាក់​ទូត​នៅកម្ពុជា បន្ទាប់ពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩

ភ្នំពេញ៖ ក្នុងគ្រាដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោកជំទាវ លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rogriguez Barrios) ឯកអគ្គរដ្ឋទូតគូបាប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយលោកជំទាវបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលគូបា តាមរយៈនៃជំនួបនេះថា៖ កម្ពុជាមិនអាចបំភ្លេចបានទេនូវចំណងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល៦០ឆ្នាំមកនេះ ដោយបានចាប់ផ្តើមឡើងតាំងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០ ។ ជាពិសេសទៅទៀត នៅក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ដែលកម្ពុជាទើបតែបានរួចផុតពីរបបប្រល័យពូជាសាសន៍ ប៉ុល ពត រដ្ឋាភិបាលគូបាក៏បានបញ្ជូនមន្ត្រីការទូតមកកាន់កម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តថា នៅពេលដែលកម្ពុជាត្រូវបានប្រទេសលោកខាងលិច និងបណ្តាប្រទេសមួយចំនួន បានហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ប្រទេសគូបាបានជួយដល់កម្ពុជាលើវិស័យមួយចំនួនដូចជា សុខាភិបាល វប្បធម៌ អប់រំ និងកីឡា ជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ ម៉ែន សំអន បានចាត់ទុកប្រជាជនគូបា និងរដ្ឋាភិបាលគូបា ជាមិត្តដ៏ល្អ​ដែលបានជួយ​ស្តារ​ប្រទេសកម្ពុជាមកដល់បច្ចុប្បន្ន។

ជាការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូតគូបាប្រចាំកម្ពុជា បានរំលឹកថា គូបាក៏ជាធ្លាប់ទទួលរងការហ៊ុំព័ទ្ធសេដ្ឋកិច្ចដូចកម្ពុជាដែរ តែយើងខិតខំងើបផុតពីកត្តាទាំងអស់នេះបានដោយជោគជ័យ។ បើទោះជាយ៉ាងណាក៏ដោយ លោកជំទាវឯកអគ្គរដ្ឋទូតបានយល់ឃើញថា កម្ពុជាខុសពីគូបា ព្រោះកម្ពុជាជាប្រទេសដែលងើបចេញពីចំណុចសូន្យ ហើយបានដឹកនាំប្រទេសចេញពីបាតដៃទទេ រហូតដល់មានការរីកចំរើនដែលនឹកស្មានមិនដល់នាពេលបច្ចុប្បន្ន។ ពិសេសជាងនេះទៅទៀតនោះ ក្នុងគ្រាដែលពិភពលោកកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងីកូវីដ-១៩ កម្ពុជាមិនមានអ្នកកើត មិនមានការរីករាលដាលច្រើន និងមិនមានអ្នកស្លាប់ រីឯជំងឺដែលកើតឡើងគឺជាការហូរចូលពីប្រទេសក្រៅតែប៉ុណ្ណោះ។

លោកជំទាវ ម៉ែន សំអន បានអរគុណចំពោះចំណាប់អារម្មណ៍របស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានបញ្ជាក់បន្ថែមថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងទប់ស្កាត់ការចម្លងនៃជម្ងឺកូវីដ-១៩ និងបានដាក់ចេញនូវផែនទ្រទ្រង់ជីវភាពរបស់ប្រជាជនខ្វះខាតដោយរងផលប៉ះពាល់ដោយសារកូវីដ-១៩ តាមរយៈនៃការចុះធ្វើ អត្តសញ្ញាណ្ណកម្មក្រីក្រដោយគណៈកម្មការវាយតម្លៃ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន និងផ្តល់ជូនបណ្ណសមធម៌ ដើម្បីទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលរហូតដល់ចប់កូវីដ។ រីឯកម្មករ ក៏ទទួលថវិការឧបត្ថម្ភពីរារដ្ឋាភិបាល រួមជាមួយនិយោជកផងដែរ។

ចុងបញ្ចប់លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរឲ្យដំណើរបេសកកម្មការទូតរបស់លោកជំទាវ ទទួលបានជោគជ័យ នឹង​ពង្រឹងបាននូវកិច្ចសហប្រតិបត្តិថ្មីបន្ថែមទៀត តាមរយៈនេះដែរ សុំឲ្យខាងគូបាចូលរួមលើកកម្ពស់ដល់នារីកម្ពុជា ហើយប្រសិនបើមានឱកាស លោកជំទាវឧបនាយករដ្ឋមន្ត្រី សូមអញ្ជើញ លោកជំទាវអគ្គរដ្ឋទូតទៅធ្វើទស្សនកិច្ចនៅតាមសហគមន៍នាខេត្តមួយចំនួនផងដែរ៕