លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ២៣/០៧/២០២០23/07/2020 2628 ទីស្ដីការក្រសួង, អប់រំ ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងកោតសរសើរចំពោះ លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេសក្នុងវិស័យឯកជន និងបានចូលរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលសិស្ស និស្សិត នៅកម្ពុជា ។ សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការីអញ្ជើញចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ ជាការឆ្លើយតប លោក ប៉ិច បូឡែន ក៏បានលើកឡើងអំពីវឌ្ឍនៈភាពរបស់សមាគម ដែលបានដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន ។ ក្នុងនោះផងដែរ សម្រាប់សមាគមក៏រងនូវផលប៉ះពាល់មួយចំនួនធំពីបញ្ហាកូវីដ ១៩ ដែលពិភពលោកបាននឹងកំពុងប្រឈមមុខយ៉ាងខ្លាំងអំពីការឆ្លងរីករាលដាលនៃជម្ងឺនេះ។ តែទោះជាយ៉ាងណា សមាគមក៏បានគោរពតាមសរាចរណ៍ណែនាំរបស់រដ្ឋាភិបាលក៏ដូចជារបស់ក្រសួងសុខាភិបាលនូវការរក្សាអនាម័យ និងគម្លាតសង្គម។ លោកជំទាវក៏បានអរគុណដល់ការចូលរួមចំណែករបស់សមាគម និងបានស្នើឲ្យសមាគម ៖ ១. មេត្តាយោគយល់ និងជួយសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ និងទប់ស្កាត់ តាមរយៈការអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលរួមមាន ការសម្អាតដៃ និងរក្សាគម្លាត ជាដើម។ ២. សមាគមត្រូវតាមដាន និងអនុវត្តនូវការជូនដំណឹង និងការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោផ្ទាល់ និងក្រសួងអប់រំ យុវជន និងកីឡា។ ៣. ចូលរួមពង្រឹងគុណភាពអប់រំនៅកម្ពុជា ដើម្បីឱ្យសិស្ស និស្សិតពេលរៀនចប់ ពួកគាត់អាចរកការងារធ្វើបាន៕