លោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន គូសបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ធ្វើឲ្យមានការរីកចម្រើនអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យ ព្រះពុទ្ធសាសនាក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ៣១/០៣/២០១៩02/04/2019 1197 ព្រះវិហារ លោកជំទាវកិតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ឋសភា និងអធិការកិច្ច បានគូសបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ធ្វើអោយមានការរីកចម្រើនអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលលោកជំទាវ តំណាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអភិសេកប្រាសាទចតុមុខ នៅក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃសៅរ៍១០រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។ មិនតែប៉ុណ្ណោះសម្តេចទាំងពីរ គឺជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លា ដោយបានប្រែក្លាយពីប្រទេសដែលពោរពេញទៅដោយសង្រ្គាម មកជាប្រទេសដែលមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសាសនាក៏ត្រូវបានរស់ឡើងវិញ។ ជាក់ស្តែងពិធីបុណ្យឆ្លងនាពេលនេះ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាផង ក៏ដូចរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិផង និងបានទទួលអានិសង្ឃផលបុណ្យយ៉ាងត្រចះត្រចង់ផងដែរ ។ សមិទ្ធផលថ្មីនេះ ពិតជានឹងរួមចំណែកជួយដល់ខេត្តព្រះវិហារ ក្នុងការជំរុញដល់ការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា និងស្វែងយល់ពីអរិយធម៌វប្បធម៌ខ្មែរដ៏រុងរឿង ថែមទាំងបានរួមចំណែកប្រមូលថវិកាជូនជាតិទៀតផង។ លោកជំទាវឧបនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ប្រាសាទចតុមុខនេះ គឺជាប្រាសាទមួយ ក្នុងចំណោមប្រាសាទជាច្រើននៅក្នុង ក្រុមប្រាសាទបាកាន(ព្រះខ័នកំពង់ស្វាយ)។ ប្រាសាទនេះមានរូបរាងជា ព្រះពុទ្ធទ្រង់ឈរបែរទល់ខ្នងគ្នា ចំនួន៤ទិស ដែលយើងកម្រឃើញមានប្រាសាទផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ហើយការចូលរួមថែរក្សា និងការអភិរក្សប្រាសាទនេះ គឺធ្វើឡើងក្នុងគោលបំណង៖ (១) ការកំណត់កាលបរិច្ឆេទរបស់ប្រាសាទ ។ (២)បញ្ចៀសការដើរជាន់ព្រះកេសព្រះពុទ្ធពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនានៅទីនេះ ។ (៣) លើកកម្ពស់វិស័យទេសចរវប្បធម៌និងសាសនា។ ទី(៤)ទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់។ សូមបញ្ជាក់ថា ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី បានសិក្សាស្រាវជ្រាវ និងជួសជុលប្រាសាទនេះឡើងវិញ ដោយប្រើពេលវេលាប្រមាណជាង៥ខែ គឺពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបបានបញ្ចប់ ក្រោមកិច្ចសម្របសម្រួលពីសំណាក់អាជ្ញាធរខេត្ត រួមជាមួយអង្គភាពពាក់ព័ន្ធនានា ៕