ឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះត្រួតពិនិត្យសកម្មភាពជួសជុលផ្លូវ ២ខ្សែ ប្រវែង ៧,៥០០ម៉ែត្រ នៅសង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ០៥/០៩/២០២០11/09/2020 527 ក្រុងប៉ោយប៉ែត, ឯកឧត្តម លីវ សុភក្រ្តា បន្ទាយមានជ័យ៖ សៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ អមដំណេីរដោយ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ និងសហការី លោក ប្រាក់ សាវន ប្រធានប្រៃសណីកម្ពុជា សាខាខេត្តបន្ទាយមានជ័យ លោក សំបាន់ ដាណែល អនុការិយាល័យរដ្ឋបាល សាខាធនាគារជាតិកម្ពុជាខេត្តបន្ទាយមានជ័យ លោកចៅសង្កាត់និមិត្ត និងលោកចៅសង្កាត់ផ្សារកណ្តាល បានអញ្ជេីញចុះពិនិត្យការងារជួសជុលផ្លូវ២ខ្សែ ប្រវែង៧.៥០០ម៉ែត្រ ជាការឧបត្ថម្ភពី ឯកឧត្តម លីវ សុភក្រ្តា ។ សូមបញ្ជាក់ផងដែរថាផ្លូវមួយខ្សែប្រវែង ៤.៨០០ម៉ែត្រ ពីចំណុចផ្លូវជាតិលេខ៥ ទៅដល់សំណង់ចិន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត និងមួយខ្សែទៀតប្រវែង ២.៧០០ម៉ែត្រ ពីចំណុចវត្តស្ទឹងបត់ នៃភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ទៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ មានដូចជា អង្ករ ត្រីខ មី មុង ធូបមូស ទឹកសុទ្ធ និងថវិកាមួយចំនួន។ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញេីម្តងហេីយម្តងទៀតសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយត្រូវមានអនាម័យខ្ពស់ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់។ មិនត្រឹមតែប៉ុណ្ណោះ ក៏ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងណែនាំសមាជិកក្រុមគ្រួសារឲ្យយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន ព្រោះបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំង៕