លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីកាន់បិណ្ឌ វេនទី ៤​ នៅវត្តលង្កាព្រះកុសុមារាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ ក្នុងពិធីបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ​ និងបច្ច័យ​សម្រាប់វេនកាន់បិណ្ឌទី ៤​ នៅវត្តលង្កាព្រះកុសុមារាម​ ដែលស្ថិតនៅសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃ​អាទិត្យ ៤រោជ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ៦​ ខែកញ្ញា ឆ្នាំ២០២០​ ត្រូវនឹង​វេន​កាន់​បិណ្ឌ​ទី៤ ស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុង​ការ​នាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន​ព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសល​ផលបុណ្យ​ដល់​ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន​ ញាតិការទាំង៧សន្តាន​ ដែលបានចែកឋានទៅកាន់បរលោក៕