លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្តក្នុងវេនកាន់បិណ្ឌវេនទី៥ នៅវត្តជម្ពូព្រឹក្សា ០៧/០៩/២០២០08/09/2020 427 ប្រពៃណី-សាសនា, ស្វាយរៀង លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃអាទិត្យ ០៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា គណ:អភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្តព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតន:ត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ។ ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណានិគមចាស់ថ្មី ជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបប ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ ៕