លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកស្រី ងួន រឹត ដែល​បាន​រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​ខ្យល់កន្តាក់ បណ្តាល​ឲ្យ​រលូត​ស្លាប់កូនក្នុងពោះអាយុ ៨ខែ

រសៀល ថ្ងៃអាទិត្យ ០៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយសហការី បានអញ្ជើញសួរសុខទុក្ខ លោកស្រី ងួន រឹត អាយុ ២៩ឆ្នាំ ដែលបានរងគ្រោះក្នុងឧបទ្ទវហេតុ ខ្យល់កន្តាក់ បណ្តាលឲ្យរលូតស្លាប់កូនក្នុងពោះអាយុ ៨ខែ ដែលហតុការណនេះបានកាលពីយប់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២០ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់លោកស្រី ដែលជានិច្ចកាលសម្តេច តែងតែគិតគូរអំពីសុខទុករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យ លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវខិតខំប្រឹងប្រែងយកចិត្តទុក្ដដាក់ក្នុងការព្យាបាលអ្នកជំងឺឲ្យអស់ពីសមត្ថភាព ។ ដោយក្តីអាណិតអាសូរ លោកជំទាវបាននាំយកនូវ អង្ករ ២០គីឡូក្រាម មី ២កេសតូច ទឹកសុទ្ធ ១កេស ទឹកក្រូច១កេស និងទឹកដោះគោ ៧យួរ ជូនដល់លោកស្រី ងួន រឹត និងបានបន្តសួរសុខទុក្ខជាមួយអ្នកជំងឺ និងបងប្អូនអ្នកជំងឺប្រមាណជិត ៣០នាក់ ផ្សេងទៀតដែលបាននឹងកំពុងសម្រាកព្យាបាល និងមើលថែអ្នកជំងឺនៅក្បែរបន្ទប់នោះ និងបានឧបត្ថម្ភជាថវិកាជូនផងដែរ ។

សូមបញ្ជាក់ថា ៖ ឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យប៉ះពាល់ដល់ ៣៥៧គ្រួសារ ក្នុងនោះបានកើតឡើងនៅស្រុករមាសហែក (២ឃុំ គឺ ឃុំម្រាម និងឃុំចន្ត្រី) ចំនួន ៣៥១គ្រួសារ និងស្រុកស្វាយជ្រំ ឃុំក្រោលគោ ចំនួន ៦គ្រួសារ ដែលបណ្តាលឲ្យខូចខាតផ្ទះសំបែង ផ្ទះធ្ងន់ និងស្រាល ហើយបណ្តាលឲ្យរងរបួស ៣នាក់ (របួសធ្ងន់១នាក់ និងស្រាល ២នាក់)៕