លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញវេរនិងប្រគេនភត្តហាដល់ព្រះសង្ឃ ចំនួន ៥វត្ត ក្នុងវេនកាន់បិណ្ឌទី៦ ០៨/០៩/២០២០ 540 ប្រពៃណី-សាសនា លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ រួមជាមួយ ឧកញ៉ា ភរិយាថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន ៥ គឺ វត្តមុន្នីប្រសិទ្ធិវង្ស វត្តអង្គសិរីសួស្តី វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណវារី និងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ(វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថា ជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុសស្រី ក្មេងចាស់ នៅទូទាំងប្រទេសកម្ពុជានាំគ្នាទៅធ្វើបុណ្យ នៅវត្តដោយមានទឹកមុខរីករាយស្រស់ស្រាយ ពោរពេញទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល។ ទាំងអស់គ្នាសុទ្ធតែមានសម្លៀកបំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ ថ្ងៃនេះនៅគ្រប់វត្តទូទាំងប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរ គគ្រឹកគគ្រេង ធ្វើឱ្យបរិយាកាសនៅក្នុងវត្តមាន ភាពឱឡារិក អធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំ រណ្តំ ពីរោះ ត្រជាក់ ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យ រំភើបរីករាយពន់ប្រមាណ។ កម្មវិធីសំខាន់បំផុត នាថ្ងៃនេះ គឺវេរប្រគេនយាគូ ឬចង្ហាន់ព្រឹក ចង្ហាន់ថ្ងៃត្រង់ចំពោះព្រះសង្ឃ ទន្ទឹមនឹងពិធីរាប់បាតជាទ្រង់ទ្រាយធំ។ ព្រះសង្ឃ ស្វាធ្យាយធម៌ បង្សុកូលឧទ្ទិសកុសល មគ្គផលចំពោះ វិញ្ញាណក្ខន្ធ អតីតបុព្វបុរស ជីដូន ជីតា ញាតិការទាំងប្រាំពីរសន្តាន និងសូមប្រសិទ្ធពរ ស័ព្ទសាធុការ សុខចម្រើនមកកូនចៅឯក្រោយវិញ។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ៕